Developed by Khmer Focus
សិក្ខា​សា​លា​ស្តី​ពី ការ​លើក​កម្ពស់​ការ​យល់​ដឹង​ចម្រុះ​នៃ​អ្នក​ពាក់​ព័ន្ធ​ក្នុង​បរិបទ​ផែន​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​ថ្នាក់​ជាតិ (ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦)

សៀមរាប៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង លោក ឈាង ហុង ប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​ចំណេះ​ដឹង និង​ព័ត៌មាន លោក គឹម សីហា អនុ​ប្រធាន​នាយក​ដ្ឋាន​ផែនការ និង​ទំនាក់​ទំនង​អន្តរ​ជាតិ នៃ​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​សិក្ខា​សា​លា​ស្តី​ពី ការ​លើក​កម្ពស់​ការ​យល់​ដឹង​ចម្រុះ​នៃ​អ្នក​ពាក់​ព័ន្ធ ក្នុង​បរិបទ​ផែន​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​ថ្នាក់​ជាតិ ដែល​រៀប​ចំ​ដោយ​អាជ្ញាធរ​ទន្លេសាប នៅ​ខេត្ត​សៀមរាប ក្រោម​គម្រោង​គ្រប់​គ្រង​អាង​ទន្លេ​សាប-​ទន្លេ​សុងក្លា រវាង​កម្ពុជា-​ថៃ ក្រោម​ជំនួយ​របស់​ធនាគារ​ពិភពលោក តាម​រយៈ​គណៈ​កម្មការ​ទន្លេ​មេគង្គ។ អង្គសិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប និងមានមន្រ្តីចូលរួមពីមន្ទីរនៃខេត្តពាក់ព័ន្ធ សរុបចំនួន ៣៤រូប។

សិក្ខាសាលាមានគោលបំណងសំខាន់គឺ បង្កើន និងលើកកម្ពស់ចំណេះដឹងចម្រុះដល់មន្រី្តមន្ទីរជំនាញពាក់ព័ន្ធ លើប្រធានបទគ្រប់គ្រងធនធានទឹកចម្រុះ និងការចូលរួមសាធារណនៃអ្នកពាក់ព័ន្ធ ដើម្បីពង្រឹងការងារអនុវត្តន៍គម្រោងគ្រប់គ្រងអាងទន្លេសាប។ សិក្ខាសាលាបានដំណើរការដោយមានបទបង្ហាញពាក់ព័ន្ធ មន្រ្តីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមចែករំលែកចំណេះដឹង តាមរយៈការធ្វើបទបង្ហាញពាក់ព័ន្ធនឹងប្រធានបទសិក្ខាសាលានេះ។ សិក្ខាកាមបានស្វែងយល់ និងទទួលបានចំណេះដឹងកាន់តែរឹងមាំ និងល្អប្រសើរអំពីគោលការណ៍ និងការអនុវត្ត IWRM ក្នុងបរិបទគ្រប់គ្រងទន្លេសាប ដែលអាជ្ញាធរទន្លេសាបទទួលបន្ទុក ការប្រើប្រាស់វិធីសាស្រ្តនេះដើម្បីដោះស្រាយការលំបាក ភាពប្រឈមក្នុងការងារពង្រឹងសហប្រតិបត្តិការរវាងអ្នកពាក់ព័ន្ធគ្រប់វិស័យ រួមទាំងថ្នាក់ធ្វើសេចក្តីសម្រេច គាំទ្រដល់ការកសាងផែនការចម្រុះកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការអនុវត្តច្បាប់គ្រប់គ្រងធនធានទឹក និងបទដ្ឋានច្បាប់តាមវិស័យពាក់ព័ន្ធ ដើម្បីធានាការគ្រប់គ្រងប្រកបដោយនិរន្តរភាពកាន់តែល្អប្រសើរនៅកម្ពុជា៕