ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា រួមជាមួយមន្ត្រីពាក់ព័ន្ធ បានទទួលជួបពិភាក្សាជាមួយក្រុមបេសកកម្មវាយតម្លៃគម្រោង របស់ទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ GIZ ស្តីពីគម្រោង ១- ការគ្រប់គ្រងទឹក នៅតំបន់ល្បាក់ខោន រវាងកម្ពុជា-ឡាវ និង ២- ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ។ បេសកកម្មនេះគឺដើម្បីពិភាក្សាជាមួយគ្រប់អ្នកពាក់ព័ន្ធលើការកសាងផែនការ និងពិនិត្យលទ្ធភាពលើការជួយទ្រទ្រង់បន្តពីសំណាក់ GIZ លើការអនុវត្តផែនការដែលបានកសាងឡើងនោះ។
GIZ ក៏បានជួបពិភាក្សាដាច់ដោយឡែក នៅថ្ងៃដដែលជាមួយស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល និងក្រសួងអភិវឌ្ឍន៍ជនបទ។ ក្រុមបេសកកម្មនេះនឹងជួបពិភាក្សាផ្ទាល់ជាមួយឯកឧត្តម ប៉ុញ សច្ចៈ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងគ្រោងចុះទៅជួបពិភាក្សាជាមួយបណ្តាមន្ទីរពាក់ព័ន្ធ នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ រួមទាំងការចុះពិនិត្យទីតាំងគម្រោង ដែលសម្របសម្រួលរៀបចំដោយក្រសួងធនធានទឹក និងឧតុនិយម៕