Developed by Khmer Focus
ឧបករណ៍​សម្រាប់​វាស់​ធារ​ទឹក និង​កំរិត​កករ និង​គម្រោង Mekong HYCOS (ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦)

ភ្នំពេញ៖ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ប្រគល់​ឧបករណ៍​សម្រាប់​វាស់​ធារ​ទឹក និង​កំរិត​កករ និង​គម្រោង Mekong HYCOS ព្រម​ទាំង​គ្រឿង​បន្លាស់ ទៅ​ឱ្យ​នាយក​ដ្ឋាន​ជល​សាស្ត្រ និង​ការ​ងារ​ទន្លេ នៃ​ក្រសួង​ធន​ធាន​ទឹក និង​​ឧតុនិយម សម្រាប់​បម្រើ​ដល់​​ការ​ងារ​ទាំង​ពីរ​ខាង​លើ​​នៅ​ក្នុង​ប្រព័ន្ធ​ទន្លេ​មេគង្គ​កម្ពុជា។ ឧបករណ៍​ទាំង​នោះ​នឹង​ត្រូវ​ប្រើ​ប្រាស់​​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​​វិមជ្ឈ​ការ​​មុខ​ងារ​​ស្នូល ​របស់​គណៈ​កម្មការ​ទន្លេ​​មេគង្គ ដោយ​​នាយក​ដ្ឋាន​ជល​សាស្ត្រ និង​​ការ​ងារ​ទន្លេ។

ឧបករណ៍​ទាំង​នេះ គឺ​ផ្តល់​ទិន្នន័យ​សម្រាប់​សិក្សា​ពី​​ផល​ប៉ះ​ពាល់​ពីគម្រោង​អភិវឌ្ឍន៍​ក្នុង​អាង​ទន្លេ (សម្រាប់​គម្រោង​វាស់​ធារ​ទឹក និង​កំរិត​កករ) និង​ផ្តល់​ទិន្នន័យ​ដោយ​ស្វ័យ​ប្រវត្តិ ក្នុង​រយៈ​ពេល ១៥​នាទី​ម្តង និង​ទិន្នន័យ​កំពស់​ទឹក ដែល​អាច​ធ្វើ​ឱ្យ​ការ​ព្យាករណ៍​ទឹក​ជំនន់ ក្នុង​អាង​ទន្លេ​​មេគង្គ​​ទាំង​មូល អាច​ប្រព្រឹត្ត​ទៅ​បាន (សម្រាប់​គម្រោង Mekong HYCOS)។

ការ​ប្រកាស​លើ​បញ្ជី​ឧបករណ៍​ដែល​ត្រូវ​ប្រគល់‑​ទទួល​ដោយ​តំណាង​គណៈ​កម្មា​​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា គឺ​ឯក​ឧត្តម ឡុង សារាវុធ អគ្គ​លេខា​ធិការ​រង និង​​តំណាង​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម​ គឺ​លោក យិន សាវុធ ប្រធាន​​នាយក​ដ្ឋាន​​ជល​សាស្ត្រ និង​​ការ​ងារ​​ទន្លេ បាន​ចុះ​ហត្ថ​លេខា​​លើ​ឯក​សារ​ប្រគល់‑​ទទួល​​ឧបករណ៍​ទាំង​នោះ ដើម្បី​យក​ទៅ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ៕