Developed by Khmer Focus

កិច្ច​ប្រជុំ​លើក​ទី​៤៣ របស់​គណៈ​កម្មាធិការ​រួម នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ (ថ្ងៃទី​១៥-​១៧ ខែមីនា ឆ្នាំ២០១៦)

(MRC-JC)

វៀតណាម៖ ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេ​គង្គ​កម្ពុជា និង​ជា​សមាជិក​គណៈ​កម្មាធិការ​រួម នៃ​គណៈ​កម្មាធិការ​ទន្លេ​មេគង្គ តំណាង​កម្ពុជា បាន​ដឹក​នាំ​ប្រតិភូ​កម្ពុជា​ចំនួន ០៧រូប ដែល​មាន​មន្ត្រី​តំណាង​មក​ពី​ក្រសួង​ពាក់​ព័ន្ធ​រួម​មាន ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិ​ការ​អន្តរ​ជាតិ និង​ក្រសួង​បរិស្ថាន ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៤៣ របស់​គណៈ​កម្មាធិការ​រួម នៅ​ទីក្រុង កាន់ធឺ ប្រទេស​វៀតណាម។

កិច្ចប្រជុំនេះ មាន​អ្នក​ចូល​រួម​មក​ពី​ប្រទេស​ជា​សមាជិក គណៈ​កម្មការ​ទន្លេ​មេគង្គ (កម្ពុជា ឡាវ ថៃ វៀតណាម) និង​មន្ត្រីលេខា​ធិការដ្ឋាន MRC សរុប​ចំនួន ៥៨រូប។

កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និង​ទទួល​បាន​លទ្ធ​ផល​ដូច​ខាង​ក្រោម៖

  1. អង្គប្រជុំ​បាន​ស្តាប់​របាយ​ការណ៍ វឌ្ឍន​ភាព​នៃ​ការ​អនុវត្ត​សកម្ម​ភាព ទាំង​ផ្នែក​អភិបាល​កិច្ច និង​ផ្នែក​បច្ចេក​ទេស របស់​លេខា​ធិការដ្នាន គណៈ​កម្មការ​ទន្លេ​មេគង្គ ដែល​រាយ​ការណ៍​ដោយ​លោក​នាយក​ប្រតិបត្តិ​លេខាធិការ​ដ្ឋាន
  2. អង្គប្រជុំបានកត់ត្រា និង​អនុម័ត​ជា​គោល​ការណ៍ លើ​ផែន​ការ​បុគ្គលិក និង​ការ​ជ្រើស​រើស​បុគ្គលិក សម្រាប់​ដំណើរ​ការ​រចនា​សម្ព័ន្ធ​ថ្មី របស់​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ។ ប៉ុន្តែ​នៅ​សល់​បញ្ហា​គន្លឹះ​មួយ​ចំនួន នឹង​ត្រូវ​លើក​ទៅ​ពិភាក្សា​បន្ថែម នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ការងារ​គណៈ​កម្មាធិការ​រួម នាពេល​ឆាប់ៗ​ខាង​មុខ​នេះ
  3. អង្គប្រជុំបានស្តាប់ និង​កត់​ត្រា​ពី វឌ្ឍន​ភាព​ការ​ងារ​សហប្រតិ​បត្តិការ ជា​មួយ​ប្រទេស​ដៃ​គូ​សន្ទនា (ចិន និង​មីយ៉ាន់ម៉ា) និង​បាន​ពិភាក្សា​ផ្តល់​ការ​យល់​ព្រម លើ​សំណើ​របស់​ភាគី​ចិន​ស្តី​ពី ការ​សិក្សា​រួម​គ្នា​ទៅ​លើ​ផល​ប៉ះពាល់​លំហូរ​ទឹក មក​លើ​ទន្លេ​មេគង្គ​នៅ​ក្នុង​រដូវ​ប្រាំង បណ្តាល​មក​ពី​ទំនប់​វារីអគ្គិសនី ក្នុង​ទន្លេ​ឡាង​សាង នៅ​ភាគ​ខាង​លើ

អង្គប្រជុំបានកត់ត្រា និង​ផ្តល់​ការ​យល់​ព្រម លើ​បញ្ហា​ដែល​មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ និង​នីតិ​វិធី​មួយ​ចំនួន​ដូច​ជា គោល​ការណ៍​ណែ​នាំ​បច្ចេក​ទេស សម្រាប់​អនុវត្ត​នីតិ​វិធី គុណ​ភាព​ទឹក, ការ​កំណត់​បៀវត្ស​ថ្មី សម្រាប់​បុគ្គលិក​លេខាធិការ​ដ្ឋាន ក្នុង​រចនា​សម្ព័ន្ធ​ថ្មី​របស់​ខ្លួន និង​វឌ្ឍន​ភាព​ការ​ងារ​ស្តី​ពី វេទិការ​រួម​សម្រាប់​គាំ​ទ្រ​ការ​អនុវត្ត​នីតិ​វិធី​នានា របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ, វឌ្ឍន​ភាព​នៃ​ការ​អនុវត្ត​ការ​ងារ វិមជ្ឈ​ការ​មុខ​ងារ​ស្នូល​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ។ ដោយ​ឡែក បញ្ហា​ផែន​ការ​មេ​សម្រាប់​ការ​ដឹក​ជញ្ជូន​តាម​ផ្លួវ​ទឹក ក្នុង​អាង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម អង្គ​ប្រជុំ​បាន​ពិភាក្សា តែ​ពុំ​ទាន់​សម្រេច​យល់​ព្រម ដោយ​ភាគី​ឡាវ រង​ចាំ​យោបល់​ពី​ក្រសួង​ពាក់​ព័ន្ធ​របស់​ខ្លួន៕

Hits: 5544