Developed by Khmer Focus

កិច្ច​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ របស់​នាយក​ប្រតិបត្តិ​ថ្មី នៃ​លេខាធិការដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ (MRC) ជា​មួយ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ទន្ល​មេគង្គ​កម្ពុជា

Category: CNMC

(CNMC)

ភ្នំពេញ៖ នារសៀល​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០១៦ ឯកឧត្តម លឹម គានហោ រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​អនុញ្ញាតិ​ឱ្យ​លោក ផាម ទួន ផាន (Pham Tuan Phan) ជា​នាយក​ប្រតិបត្តិ នៃ​លេខាធិការដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ​ទី​មួយ ដែល​បាន​ជ្រើស​ចេញ​ពី​បណ្តា​ប្រទេស​ជា​សមាជិក គណៈ​កម្មការ​ទន្លេ​មេគង្គ ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ​នៅ​ទីស្តី​ការ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម រាជ​ធានី​ភ្នំពេញ។

នៅ​ក្នុង​ជំនួប​ខាង​លើ​នេះ ក្រោយ​ពី​បាន​សម្តែង​ការ​អប​អរ​សាទរ​ដល់​ការ​ចូល​កាន់​តំណែង​ជា នាយក​ប្រតិបត្តិ​ថ្មី របស់​លេខាធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ ឯកឧត្តម​រដ្ឋ​មន្ត្រី បាន​លើក​យក​បញ្ហា​ប្រឈម​សំខាន់ៗ ហើយ​បន្ទាន់​មួយ​ចំនួន ក៏​ដូច​ជា​បញ្ហា​ដែល​មាន​លក្ខណៈ​យុទ្ធ​សាស្រ្ត សម្រាប់​ស្ថាប័ន​មក​ពិភាក្សា និង​ផ្តល់​ការ​ណែ​នាំ ក៏​ដូច​ជា​ក្រើន​រំលឹកនាយក​ប្រតិបត្តិ​ថ្មី របស់​លេខាធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ ឱ្យ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ និង​ប្រឹង​ប្រែង​ដោះ​ស្រាយ​ជា​អាទិ៍​រួម​មាន៖

១. ពង្រឹង​ការ​ចាត់​ចែង ការ​គ្រប់​គ្រង និង​ការ​ដឹក​នាំ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ ដើម្បី​អនុវត្ត​រាល់​សេចក្តី​សម្រេច​នានា ដែល​បាន​អនុម័ត​ដោយ​គណៈ​កម្មាធិការ​រួម និង​ដោយ​ក្រុម​ប្រឹក្សា​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ដើម្បី​ធា​នា​ឱ្យ​ដំណើរ​ការ​អន្តរ​កាល នៃ​ការ​អនុវត្តន៍​កំណែ​ទម្រង់ លេខាធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គទទួល​បាន​ជោគ​ជ័យ និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​ប្រសិទ្ធ​ផល។

២. បង្កើន​ការ​ខិត​ខំ​ប្រឹង​ប្រែង និង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​គៀង​គរ​ថវិកា ជំនួយ​ពី​បណ្តា​ដៃ​គូ​អភិវឌ្ឍន៍ ក៏​ដូច​ជា​អង្គការ​អាង​ទន្លេ​នានា ដើម្បី​ធា​នា​បាន​ថវិកា​គ្រប់​គ្រាន់ សម្រាប់​ទ្រទ្រង់​ដល់​ការ​អនុវត្តន៍​ផែន​ការ​អភិវឌ្ឍន៍​អាង​ទន្លេ​មេគង្គ ២០១៦-​២០២០ ផែន​ការ​យុទ្ធ​សាស្ត្រ ២០១៦-​២០២០ និង​ផែន​ការ​ប្រចាំ​ឆ្នាំ២០១៦ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ។

៣. យក​ចិត្ត​ទុក​ដាក់ តាម​ដាន និង​រាយ​ការណ៍​លើ​ការ​វិវត្ត​ថ្មី ចំពោះ​គម្រោង​ការ​ប្រើ​ប្រាស់​ទឹក​ទន្លេ​មេគង្គ​នៅ​តាម​បណ្តា​ប្រទេស​ជា​សមា​ជិក ជា​ពិសេស​គម្រោង​អភិវឌ្ឍ​វារីអគ្គិសនី​នៅ​លើ​ទន្លេ​មេ និង​ការ​បង្វែរ​ទឹក​ពី​ទន្លេ​មេគង្គ ពី​ព្រោះ​ថា លេខាធិការ​ដ្ឋាន​មាន​តួ​នា​ទី​ជា​សេនា​ធិការ​បច្ចេក​ទេស និង​រដ្ឋ​បាល​ដើម្បី​ជួយ​ដល់​បណា្ត​ប្រទេស​ជា​សមា​ជិក ដូច្នេះ​ក្នុង​នាម​ជា​នាយក​ប្រតិបត្តិ​គឺ ត្រូវ​រក្សា​ភាព​មិន​លម្អៀង រហ័ស​រហួន​ក្នុង​ការ​ធ្វើ​វិភាគ និង​ការ​ឆ្លើយ​តប​ទៅ​នឹង​ព័ត៌​មាន​នានា ដែល​ចុះ​ផ្សាយ​ក្នុង​ប្រព័ន្ធ​ផ្សព្ធ​ផ្សាយ និង​ត្រូវ​ផ្តល់​ព័ត៌​មាន ក៏​ដូច​ជា​របាយ​ការណ៍​ដល់​បណ្តា​ប្រទេស​ជា​សមា​ជិក ឱ្យ​បាន​ច្បាស់​លាស់ និង​ទាន់​ពេល​វេលា។

ជា​ការ​ឆ្លើយ​តប​លោក ផាម ទួន ផាន បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ឯកឧត្តម​រដ្ឋ​មន្ត្រី ដែល​បាន​អនុញ្ញាតិ​ឱ្យ​លោក ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ ជា​ពិសេស​ចំពោះ​ការ​ក្រើន​រំលឹក និង​មតិ​ណែនាំ​ប្រកប​ដោយ​អត្ថន័យ និង​មាន​លក្ខណៈ​ជា​យុទ្ធ​សាស្រ្ត ហើយ​បាន​សន្យា​ថា ក្នុង​នាម​លោក​ជា​នាយក​ប្រតិបត្តិ នឹង​ខិត​ខំ​ប្រឹង​ប្រែង​អនុវត្ត​ឱ្យ​អស់​ពី​សមត្ថភាព នូវ​រាល់​បណ្តា​អនុសាសន៍​ដែល​បាន​ផ្តល់​ដោយ​ឯកឧត្តម​រដ្ឋ​មន្ត្រី៕

Hits: 3703