សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សេចក្តីព្រាងចុងក្រោយនៃឯកសារផែនការចង្អុលថ្នាក់ជាតិ ឆ្នាំ ២០១៦-២០២០ (ថ្ងៃទី ០៥-០៦ ខែឧសភា ឆ្នាំ២០១៦)
ព្រះសីហនុ៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី សេចក្ដីព្រាងចុងក្រោយនៃឯកសារផែនការចង្អុលថ្នាក់ជាតិ ឆ្នាំ២០១៦-២០២០ ក្រោមការទ្រទ្រង់ថវិកា និងជំនួយបច្ចេកទេសពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ នៅសាលប្រជុំសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ ដែលមានការអញ្ជើញចូលរួមពីមន្ត្រីតំណាងក្រសួងស្ថាប័នជំនាញ និងទីប្រឹក្សាជាតិសម្រាប់រៀបចំផែនការចង្អុលថ្នាក់ជាតិ។
សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណងសំខាន់ដើម្បីជម្រាបជូន និងរួមគ្នាពិនិត្យលើសេចក្តីព្រាងចុងក្រោយនៃឯកសារផែនការចង្អុលថ្នាក់ជាតិ (National Indicative Plan - NIP) ឆ្នាំ២០១៦-២០២០ និងឯកសារសង្ខេបនៃគម្រោងដែលមានភ្ជាប់ក្នុងឯកសារ NIP។ NIP ក៏ជាផែនការជាតិ ដែលផ្តល់ឱកាសសម្រាប់ប្រទេសនីមួយៗ ទទួលខុសត្រូវចំពោះកលានុវត្តភាពអភិវឌ្ឍន៍ និងអាទិភាពជាយុទ្ធសាស្ត្រដូចមានចែងក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេ របស់គណៈកម្មការទន្លេមេគង្គ។ NIP នឹងបំពេញបន្ថែមដល់ផែនការជាតិ ដែលមានបណ្តាគម្រោងរួម និងគម្រោងជាតិដែលមានផលសំខាន់សម្រាប់អាងទន្លេទាំងមូល ដែលនឹងត្រូវអនុវត្តដើម្បីបង្កើនសន្តិសុខទាក់ទងនឹងទឹក ការចែករំលែកផលប្រយោជន៍ និងកិច្ចសហប្រតិបត្តិការតំបន់ក្នុងអាងទន្លេមេគង្គក្រោម។ សិក្ខាសាលាក៏នឹងសម្រេចបានលទ្ធផលលំអិត តាមរបៀបវារៈ ដូចបានគ្រោងទុកផងដែរ ក្នុងនោះនឹងបានជម្រាបជាពិស្តារអំពីអត្ថន័យ និងខ្លឹមសារ NIP ទទួលបានមកវិញនូវមតិយោបល់ដើម្បីកែលំអឯកសារ ព្រមទាំងមតិយោបល់ពង្រឹងកិច្ចសហប្រតិបត្តិការនៃការចូលរួមអនុវត្ត NIP នាពេលខាងមុខ៕
Hits: 4033