Developed by Khmer Focus

វេទិកា​អ្នក​ពាក់​ព័ន្ធ​ថ្នាក់​តំបន់​លើក​ទី២ (ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧)

Category: PNPCA

វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អគ្គ​លេខាធិការ នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គកម្ពុជា បាន​ដឹក​នាំប្រតិភូ​អន្តរ​ក្រសួង ដែល​មាន​តំណាង​មក​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​បរិស្ថាន ក្រសួងរ៉ែ និង​ថាមពល ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្ដរ​ជាតិ និង​មន្ត្រីនៃ​អគ្គ​លេខាធិការ​ដ្ឋាន​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ចូល​រួម​វេទិកា​អ្នក​ពាក់​ព័ន្ធ​ថ្នាក់​តំបន់​លើក​ទី២ ស្ដីពីសំណើគម្រោងវារីអគ្គិសនី ប៉ាក់បេង របស់ប្រទេសឡាវ ដែលបានរៀបចំ ឡើងដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

វេទិកានេះមានគោលបំណង (i)- ចែករំលែកជូនដល់អ្នកពាក់ព័ន្ធនូវលទ្ធផលនៃវេទិកាលើកទី១ ដែលបានរៀបចំឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងហ្លូងប្រាបាង ប្រទេសឡាវ (ii)- ជម្រាបជូនអំពីលទ្ធផលបឋម នៃការវាយតម្លៃបច្ចេកទេស លើឯកសារគម្រោងវារីអគ្គិសនី ប៉ាក់បេង ដែលបានធ្វើឡើងដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ (iii)- ប្រមូលនូវទស្សនៈ និងយោបល់នានាពីអ្នកពាក់ព័ន្ធលើលទ្ធផលនៃការវាយតម្លៃបច្ចេកទេស ដើម្បីរៀបចំបញ្ចប់នូវរបាយការណ៍វាយតម្លៃបច្ចេកទេស (Technical Review Report) សម្រាប់ការប្រើប្រាស់ជាមូលដ្ឋានព័ត៌មាន ដោយគណៈកម្មាធិការរួមសម្រាប់វិនិច្ឆ័យលើលទ្ធផលនៃដំណើរការពិគ្រោះយោបល់របស់គម្រោង ប៉ាក់បេង ដែលបានដំណើរការក្នុងរយះពេល ៦ខែ ដោយបានចាប់ផ្តើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ និង (iv)- ចែករំលែកនូវព័ត៌មានស្ដីពីការងារបន្តក្រោយកិច្ចពិគ្រោះយោបល់៕

Hits: 2848