កិច្ចប្រជុំពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពនៃស្តង់ដា នីតិវិធីប្រតិបត្តិការ និងការធានាគុណភាពទឹក ( ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥)
(MRC-EP)
វៀងច័ន្ទ៖ កិច្ចប្រជុំសម្របសម្រួលថ្នាក់តំបន់ ដើម្បីពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពនៃស្តង់ដា នីតិវិធីប្រតិបត្តិការ និងការធានាគុណភាពទឹក នៃបណ្តាញមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពទឹក របស់កម្មវិធីបរិស្ថាន បានប្រព្រឹត្តទៅនៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS) ប្រទេសឡាវ ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិកទាំង៤ និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ១៨រូប។ ដោយឡែកសមាសភាពចូលរួមពីកម្ពុជាមាន ៤រូប រួមមាន លោកស្រី ញឹម សុភា អនុប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម និងជាជំនាញការថ្នាក់ជាតិ នៃ SOPs QA/QC លោក ជា វណ្ណារ៉ា ប្រធានការិយាល័យវិភាគគុណភាពទឹក នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម លោក ភិន រ៉ាឌី ប្រធានការិយាល័យគ្រប់គ្រងគុណភាពទឹក នៃនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន នៃក្រសួងបរិស្ថាន និងលោក ថៃ ពិសិដ្ឋ មន្ត្រីសម្របសម្រួលថ្នាក់ជាតិ នៃកម្មវិធីបរិស្ថាន របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី ១) ផ្តល់សេចក្តីណែនាំដល់អ្នកជំនាញការថ្នាក់ជាតិ ដែលទើបនឹងចាប់ផ្តើមកិច្ចការ និងផ្តល់ការណែនាំលើការអនុវត្តកិច្ចការនោះ ដើម្បីទទួលបាននូវទិន្នផល និងគោលដៅដែលបានរំពឹងទុក និងទី ២) ពិភាក្សាលើដំណើរការនៃការពិនិត្យ និងធ្វើការកែលម្អរទៅលើ Standard Operation Procedures (SOPs) និង Quality Assurance/Quality Control Manual (QA/QC Manual) ដើម្បីទទួលបាននូវឯកសារមួយ ដែលឯកភាពពីប្រទេសជាសមាជិក៕
Hits: 4389