ទស្សនៈកិច្ចផ្លាស់ប្តូរបច្ចេកទេសថ្នាក់តំបន់ ក្នុងការពិសោធន៍គុណភាពទឹក ដើម្បីធ្វើឱ្យការអនុវត្តប្រព័ន្ធ QA/QC កាន់តែល្អប្រសើរឡើង (ថ្ងៃទី០៣-០៥ ខែវិច្ឆិកា ឆ្នាំ២០១៥)
(MRC-EP)
វៀងច័ន្ទ៖ គណៈកម្មការទន្លេមេគង្គ បានចុះទស្សនៈកិច្ចថ្នាក់តំបន់ ក្នុងការផ្លាស់ប្តូរបច្ចេកទេស ពិសោធន៍គុណភាពទឹក ដើម្បីធ្វើឱ្យការអនុវត្តប្រព័ន្ធ QA/QC កាន់តែប្រសើរឡើង នៅមន្ទីរពិសោធន៍គុណភាពទឹក ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិក និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ សរុបចំនួន ១៩រូប (ស្ត្រី ០៥រូប)។ ដោយឡែកសមាសភាពចូលរួមពីកម្ពុជាមាន ០៣រូប រួមមាន លោកស្រី ញឹម សុភា អនុប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម លោកស្រី ឡាំ សោភ័ណកន្និថា អនុប្រធានការិយាល័យវិភាគគុណភាពទឹក នៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ ក្រសួងធនធានទឹក និងឧតុនិយម និងលោក ថៃ ពិសិដ្ឋ មន្រ្តីសម្របសម្រូលថ្នាក់ជាតិ នៃកម្មវិធីបរិស្ថាន របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃការទស្សនៈកិច្ចនេះគឺ៖ ១) ផ្លាស់ប្តូរគំនិត និងបទពិសោធន៍នៃការគ្រប់គ្រងមន្ទីរពិសោធន៍ លើការត្រួតពិនិត្យគុណភាពទឹកជាប្រចាំ ២) ផ្លាស់ប្តូរបទពិសោធន៍ និងជំនាញលើការអនុវត្ត QA/QC សម្រាប់ធានាគុណភាពទឹកលើការយកសំណាកទឹក និងការថែរក្សាសំណាក និង ៣) ផ្លាស់ប្តូរបទពិសោធន៍ និងជំនាញលើការអនុវត្ត QA/QC អំឡុងពេលវិភាគសំណាកទឹកក្នុងមន្ទីរពិសោធន៍ និងបានផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង អំពីការយកសំណាកទឹក ការវិភាគលើ សមាសធាតុមួយចំនួន រួមទាំងការគ្រប់គ្រងមន្ទីរពិសោធន៍៕
Hits: 5809