សិក្ខាសាលាស្តីពី ការចែករំលែកចំណេះដឹង លើការបញ្ជ្រាបយេនឌ័រក្នុងការគ្រប់គ្រងធនធានទឹកចម្រុះ IWRM (ថ្ងៃទី ២៧-២៨ ខែមេសា ឆ្នាំ២០១៥)
(CNMC-ICBP)
កំពង់ចាម៖ ឯកឧត្តមបណ្ឌិត អាន ពេជ្រហត្ថដា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញចូលរូមបើក និងដឹកនាំសិក្ខាសាលាស្តីពី ការចែករំលែកចំណេះដឹង លើការបញ្ជ្រាបយេនឌ័រ ក្នុងការគ្រប់គ្រងធនធានទឹកចម្រុះ IWRM ដែលបានរៀបចំនៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម ដោយមានមន្ត្រីទទួលបន្ទុកការងារយេនឌ័រ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្ត្រី CNMC សរុបចំនួន ៣០រូប។
សិក្ខាសាលានេះមានគោលបំណង៖ ទី១- ជម្រាបជូនពីលទ្ធផលអនុវត្តន៍សកម្មភាពបញ្ជ្រាបយេនឌ័រ របស់កម្មវិធីកសាងសមត្ថភាពចម្រុះ របស់ CNMC ក្នុងឆ្នាំ២០១១-២០១៥ និងទិសដៅបន្តសម្រាប់ឆ្នាំ២០១៥ ទី២- ផ្តល់វេទិការចែករំលែកចំណេះដឹង មេរៀន បទពិសោធន៍ ដែលទទូលបានពីការអនុវតការងារបញ្ជ្រាបយេនឌ័រក្នុង IWRM នៅតាមវិស័យពីអ្នកពាក់ព័ន្ធ និងទទួលយកអនុសាសន៍ពីអ្នកចូលរួម។ សិក្ខាសាលាចែករំលែកនេះ បានផ្តល់បទបង្ហាញចំនួន ៦ រួមមាន គោលនយោបាយ និងយន្តការសំខាន់ៗ ក្នុងការលើកកំពស់សមត្ថភាពយេនឌ័រនៅកម្ពុជា ដោយលោក សៅ ចន្ទោម៉ាលី តំណាងក្រសួងកិច្ចការនារី។ ការបញ្ជ្រាបយេនឌ័រក្នុងវិស័យធនធានទឹក ដោយលោកស្រី ដុំ ថាច តំណាងក្រសួងធនធានទឹក និងឧតុនិយម។ បទពិសោធន៍នៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យជលផល ដោយលោក ស្រី ហាប ណាវី តំណាងរដ្ឋបាលជលផល។ ការបញ្ជ្រាបយេនឌ័រក្នុងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដោយលោកស្រី ឡាច សាម៉ន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ។ ការបញ្ជ្រាបយេនឌ័រក្នុងក្រសួងផែនការ ដោយលោកស្រី ជូ ពុទ្ធានី និងករណីសិក្សាពីតួនាទី និងបញ្ហាយេនឌ័រក្នុងវិស័យធនធានទឹកនៅខេត្តកំពង់ធំ សៀមរាប និងបន្ទាយមានជ័យ ដោយលោកស្រី បណ្ឌិត កង គ្រឹស្នា ព្រឹទ្ធបុរស សកលវិទ្យាល័យកសិកម្មចំការដូង។ ក្នុងឱកាសសិក្ខាសាលានេះដែរ ដោយមានកិច្ចសហការពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ សិក្ខាកាមទាំង អស់បានធ្វើទស្សនកិច្ចទៅកាន់សហគមន៍ប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត នៃខេត្តកំពង់ធំ ដើម្បីពិនិត្យមើលការងារគ្រប់គ្រង និងប្រើប្រាស់ទឹកកសិកម្ម និងយន្តការការងារពាក់ព័ន្ធនឹងការបញ្ជ្រាបយេនឌ័រក្នុងវិស័យគ្រប់គ្រងទឹក៕