សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការលើកសំណើគម្រោង ការត្រួតពិនិត្យ និងវាយតម្លៃគម្រោងសម្រាប់វិមជ្ឈការ និងមុខងារស្នូលរបស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី ០៣-០៥ ខែកញ្ញា ឆ្នាំ២០១៤)
(CNMC-ICBP)
សៀមរាប៖ កម្មវិធីកសាងសមត្ថភាពចម្រុះ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី ការលើកសំណើគម្រោង ការត្រួតពិនិត្យ និងវាយតម្លៃគម្រោង សម្រាប់វិមជ្ឍការ និងមុខងារស្នូល របស់គណៈកម្មការទន្លេមេគង្គសម្រាប់កម្ពុជា នៅសាលប្រជុំសណ្ឋាគារសោម៉ាទេវីអង្គរ ក្រុងសៀមរាប ក្រោមជំនួយថវិកា របស់គណៈកម្មការទន្លេមេគង្គ (MRC) ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ មកពីក្រសួង ស្ថាប័នជាសមាជិក និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សរុបចំនួន ៣០រូប។ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្នុងនាមឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានថ្លែងស្វាគមន៏បើកក្នុងឱកាសនោះថា គោលបំណងនៃសិក្ខាសាលាបណ្តុះបណ្តាលរយៈពេលបីថ្ងៃនេះគឺ ដើម្បីបង្កើនសមត្ថភាពយល់ដឹងបន្ថែម ជូនដល់មន្ត្រីអនុវត្តន៍គម្រោង និងដើម្បីជួបជុំគ្នាផ្លាស់ប្តូរទស្សនៈយោបល់ ការចែករំលែកចំណេះដឹង បទពិសោធន៏ វិធីសាស្ត្រត្រួតពិនិត្យ តាមដាន ក្នុងពេលអនុវត្តន៍គម្រោង និងការវាយតម្លៃគម្រោង និងការកំណត់សូចនាករសំខាន់ៗក្នុងក្របខ័ណ្ឌ និងបរិបទសម្រាប់វិមជ្ឈការ និងមុខងារស្នូល ក្នុងការគ្រប់គ្រងអាងទន្លេមេគង្គ។
អង្គសិក្ខាសាលាបណ្តុះបណ្តាលរយៈពេលបីថ្ងៃនេះរំពឹងថា សិក្ខាកាមទាំងអស់នឹងទទួលបានមេរៀនបទពិសោធន៍ និងវិធីសាស្ត្ររៀបចំសំណើគម្រោង ការត្រួតពិនិត្យដំណាក់កាលអនុវត្តន៍គម្រោង និងការវាយតម្លៃគម្រោង ព្រមទាំងការកំណត់ក្របខ័ណ្ឌ សូចនាករ នៃការគ្រប់គ្រងអាងទន្លេមេគង្គសម្រាប់ឱ្យក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ដែលនឹងចូលរួមអនុវត្តន៍វិមជ្ឈការ និងមុខងារស្នូល របស់គណៈកម្មការទន្លេមេគង្គ យកទៅអនុវត្តន៍ និងបន្តផ្សព្វផ្សាយដល់អង្គភាពរបស់ខ្លួនឱ្យបានជ្រាបផងដែរ៕
Hits: 4478