Developed by Khmer Focus

វគ្គ​បណ្ដុះ​បណ្ដាល​ថ្នាក់​ជាតិ​ស្ដី​ពី ការ​អនុវត្ដ​សេណារីយ៉ូ​បម្រែ​បម្រួល​អាកាស​ធាតុ ដោយ​ប្រើ​ប្រាស់​ម៉ូដែល ArcSWAT Verson 2012 សម្រាប់​វិភាគ លើ​គម្រោង​សិក្សា​នៅ ព្រែកព្រះ ព្រែកគ្រៀង ព្រែកកាំពី និងព្រែកទេរ (ថ្ងៃទី ១៨-២០ ខែវិច្ឆិកា ឆ្នាំ២០១៤)

(CNMC-IKMP)

សៀមរាប៖ វគ្គ​បណ្តុះ​បណ្តាល​ថ្នាក់​ជាតិ​ស្តី​ពី ការ​អនុវត្ត​សេណារីយ៉ូ​បម្រែ​បម្រួល​អាកាស​ធាតុ ដោយ​ប្រើ​ប្រាស់​ម៉ូដែល ArcSWAT Version 2012 សម្រាប់​វិភាគ​លើ​គម្រោង​សិក្សា​នៅ ព្រែក​ព្រះ ព្រែក​គ្រៀង ព្រែក​កាំពី និងព្រែកទេរ នៅ​សណ្ឋាគារ​អប្សរាអង្គរ ខេត្តសៀមរាប ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ធ្វើ​បទ​បង្ហាញ​ពី​មន្ត្រី​ជំនាញ​មក​ពី លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និង​មន្ដ្រី​ជំនាញ​ផ្នែក​ម៉ូដែល​ថ្នាក់​ជាតិ មក​ពី​ក្រសួង​ដែល​ជា​សមាជិក ក្រុម​ការ​ងារ​ម៉ូដែល​ថ្នាក់​ជាតិ សរុប​ចំនួន ២០នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានលើក ឡើងថាៈ តាមរយៈកម្មវិធីគ្រប់គ្រងព័ត៌មាន និងចំណេះដឹង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានធ្វើការងារជាច្រើនរួចមកហើយ លើការកសាងសមត្ថភាព ដើម្បីលើកកម្ពស់សមត្ថភាព ក្នុងការប្រើប្រាស់ម៉ូដែល ដល់មន្ដ្រីនៅតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យកាន់តែច្បាស់ ដែលទាក់ទងនឹងការគ្រប់គ្រងទិន្នន័យព័ត៌មាន និងការគ្រប់គ្រងទឹកក្នុងអាងទន្លេ និងប្រមូលទិន្នន័យបន្ថែម ក្នុងនោះបានរៀបចំឱ្យមានក្រុមម៉ូដែលថ្នាក់ជាតិ ដែលមានការចូលរួមពីមន្ដ្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបានរៀបចំជាសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលជាច្រើននៅថ្នាក់ជាតិ ដោយលើកយកគម្រោងមួយចំនួន មកធ្វើជាករណីសិក្សា និងសិក្សាសាកល្បង ដោយប្រើប្រាស់ ម៉ូដែល របស់គណៈកម្មការទន្លេមេគង្គ ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ននេះ រួមមានកាសិក្សា ស្ទឹងសង្កែ ស្ទឹងពោធិសាត់ ស្ទឹងសៀមរាប ស្ទឹងស្ទោង ស្ទឹងសែន ទន្លេសេសាន ស្ទឹងព្រែកត្នោត ស្ទឹងស្លាគូ និងឆ្នាំនេះមាន ព្រែកទាំង៤ គឺព្រែកគ្រៀង ព្រែកទេរ ព្រែកព្រះ និងព្រែកកាំពី។

ចំពោះករណីសិក្សាឆ្នាំ២០១៤ នេះយើងបានជ្រើសរើសព្រែកទាំងបួនមកធ្វើការអនុវត្ដដោយប្រើ ArcSWAT Verson 2012 ដោយរំពឹងទុកថា លទ្ធផលនៃវគ្គបណ្តុះបណ្ដាល ជាទុនដើម្បីត្រៀមលក្ខណៈយកទៅធ្វើបទបង្ហាញនៅថ្នាក់តំបន់​នាពេលខាងមុខ ព្រមទាំងអាចយកទៅប្រើប្រាស់ជាមូលដ្ឋានក្នុងការគិតគូរ ពិចារណាក្នុងការគ្រប់គ្រងធនធានទឹកនៅ​ក្នុងតំបន់ខាងលើដោយប្រសិទ្ធភាព៕

Hits: 3291