ទស្សនកិច្ចសិក្សាឆ្លងដែនរបស់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ រវាងកម្ពុជា-វៀតណាម ក្នុងតំបន់ទន្លេសេសាន-ស្រែពក (ថ្ងៃទី ២២-២៦ ខែសីហា ឆ្នាំ២០១៦)
ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ចូលរួមទស្សនកិច្ចសិក្សាឆ្លងដែន របស់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ រវាងកម្ពុជា-វៀតណាម ក្នុងតំបន់ទន្លេសេសាន-ស្រែពក ក្រោមជំនួយរបស់ធនាគារពិភពលោក តាមរយៈគណៈកម្មការទន្លេមេគង្គ។ ក្រុមការងារមានមកពីប្រទេសកម្ពុជា វៀតណាម លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងធនាគារពិភពលោក សរុបចំនួន ១៦ រូប។ ក្រុមការងារកម្ពុជាមានចំនួន ០៦រូប មកពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ០៣រូប មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ០១រូប និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ០១រូប និងខេត្តរតនគិរី ០១រូប។
ដំណើរទស្សនកិច្ចបានប្រព្រឹត្តទៅដោយ បានសិក្សាស្វែងយល់ និងពិនិត្យមើលការអភិវឌ្ឍ និងគ្រប់គ្រងធនធានទឹកក្នុងប្រទេសទាំងពីរ៖
- នៅកម្ពុជា ទស្សនកិច្ច បានពិត្យ និងពិភាក្សាការងារជាមួយក្រុមជំនាញការស្តីពី វារីអគ្គិសនីសេសានក្រោម ២ ដែលកំពុងដំណើរការក្នុងខេត្តស្ទឹងត្រែង ស្ថានីយផ្គត់ផ្គង់ទឹកស្អាតខេត្ត និងតំបន់រងគ្រោះទឹកជំនន់ទន្លេសេសាន ក្នុងស្រុកអូយ៉ាដា ខេត្តរតនគិរី
- នៅវៀតណាម ទស្សនកិច្ច បានពិនិត្យមើល និងពិភាក្សាជាមួយជំនាញការ និងអ្នកគ្រប់គ្រងអំពីការប្រតិបត្តិ និងគ្រប់គ្រងទំនប់វារីអគ្គិសនីសេសាន ៤/៤A ស្ថិតក្នុងខេត្តយាឡៃ និងទំនប់វារីអគ្គិសនីស្រែពក ៤/៤A ក្នុងខេត្តដាឡាក់។
ក្រុមការងារនៃប្រទេសទាំងពីរ និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានជួបប្រជុំ ពិភាក្សាលើ លទ្ធផលនៃទស្សនកិច្ច រួមមាន ការយល់ដឹង បទពិសោធន៍ និងបញ្ហាពាក់ព័ន្ធ ដែលត្រូវដាក់បន្ថែម និងកែលំអឯកសាររួមស្តីពី បញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹកឆ្លងដែនក្នុងតំបន់សេសាន-ស្រែពកនៃប្រទេសទាំងពីរ៕
Hits: 2677