កិច្ចប្រជុំបូកសរុបការងារសម្រាប់ជួយគាំទ្រដំណើរការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ តំណាក់កាលទី៣ នៅកម្ពុជា (ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦)
ភ្នំពេញ៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (CNMC) បានបើកកិច្ចប្រជុំបូកសរុបការងាររយៈពេល ០៥ថ្ងៃ បន្ទាប់ពីបានទទួលជួបពិភាក្សាការងារ ជាមួយក្រុមបេសកកម្មធនាគារពិភពលោក ដែលបានមកបំពេញការងារ ដឹកនាំដោយលោក Greg Browder ប្រធានក្រុម ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ សម្រាប់ជួយគាំទ្រដំណើរការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ តំណាក់កាលទី៣ នៅកម្ពុជា។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រ្តី CNMC មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម មន្រ្តីរដ្ឋបាលជលផល និងក្រុមការងាបេសកកម្ម សរុបចំនួន ២២រូប។
ឯកឧត្ត តែ ណាវុធ អគ្គលេខាធិការ CNMC បានថ្លែងអំណរគុណ ជាមួយនិងការវាយតម្លៃភាពរីកចម្រើននៃដំណើរការ ចាប់ផ្តើមអនុវត្តន៍ការងារជាបណ្តើៗ សម្រាប់សមាសភាគគម្រោងនីមួយៗ ដូចជាកិច្ចការគ្រប់គ្រងគម្រោង ការជ្រើសរើសជំនាញការជាតិអន្តរជាតិ ការរៀបចំ និងគ្រប់គ្រងហិរញ្ញវត្ថុ និងការកសាងផែនការការងារបន្តទៅថ្ងៃមុខ សម្រាប់សមាសភាគទាំងពីរ។ លទ្ធផលជាក់ស្តែង គឺតាមរយៈសិក្ខាសាលានាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ដែលបានឯកភាពលើចង្កោមការងារសម្រាប់ការគ្រប់គ្រងធនធានទឹកអាងទន្លេ និងរៀបចំប្រព័ន្ធគ្រប់គ្រងជលសាស្រ្ត និងឧតុនិយមនៅភូមិភាគឦសាន។
កិច្ចប្រជុំបានឯកភាពកំណត់សកម្មភាពពីពេលនេះ រហូតដល់ បេសកកម្មលើកក្រោយ នាថ្ងៃទី ២៣-២៤ ខែមករា ឆ្នាំ២០១៧ ដើម្បីតាមដាន និងវាយតម្លៃដំណើរការវិវត្តនៃការអនុវត្តគម្រោង៕
Hits: 2702