កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការវិភាគជាប្រព័ន្ធសម្រាប់កម្ពុជា (ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦)
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួម កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការវិភាគជាប្រព័ន្ធសម្រាប់កម្ពុជា ដែលរៀបចំដោយធនាគារពិភពលោក នៅការិយាល័យធនាគារពិភពលោករាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុប ១៩នាក់ មកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ កិច្ចប្រជុំបានផ្តោតលើអភិក្រមពាក់ព័ន្ធនិងចម្រុះ សម្រាប់ការគ្រប់គ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព និងបន្សាំនៅក្នុងប្រទេសកម្ពុជា។ កិច្ចប្រជុំបានស្តាប់បទបង្ហាញស្តីពីបរិបទរបស់ប្រទេសកម្ពុជាពាក់ព័ន្ធស្ថានភាពសេដ្ឋកិច្ច សង្គម និងបរិស្ថានទទួលបច្ច័យពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិរួមបញ្ចូលធនធានព្រៃឈើ ដី ធនធានទឹក ជលផល និងប្រព័ន្ធអេកូឡូស៊ី មេរៀន និងបទពិសោធន៍ពីប្រទេសវៀតណាមស្តីពីការបន្ស៊ាំអាកាសធាតុ និងការអភិវឌ្ឍតំបន់ដីសណ្តមេគង្គ ការគ្រប់គ្រងផ្ទៃរងទឹកភ្លៀងទន្លេ តាណាបេល ប្រទេសអេត្យូពី និងកម្មវិធីគ្រប់គ្រងទស្សនីភាពដែនដីនៃប្រទេសឥណ្ឌូនេស៊ី។ ផ្អែកលើបញ្ហា ឧបស័គ្គ និងភាពប្រឈមដែលប្រទេសកម្ពុជាបាននិងកំពុងជួបប្រទះ សំណើស្តីពី អភិក្រមពាក់ព័ន្ធនិងចម្រុះ សម្រាប់ការគ្រប់គ្រប់គ្រង ធនធានធម្មជាតិ ប្រកបដោយចីរភាព និងបន្សាំនៅតំបន់ជួរភ្នំក្រវាញ និងទន្លេសាបសម្រាប់រយៈពេល ១០ឆ្នាំខាងមុខ លើកមកពិភាក្សា។ មន្រ្តីជំនាញតំណាងស្ថាប័នបានចូលរួមពិភាក្សា និងផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងសំណើនេះ និងបានឯកភាពជាគោលការណ៍ដើម្បីចូលរួមរាល់ការងាររបស់ខ្លួនដើម្បីសម្របសម្រួល និងអនុវត្តន៍សំណើ ក្នងវិស័យអាទិភាពទាំងនេះ៕
Hits: 2628