Developed by Khmer Focus

កិច្ចប្រជុំ​លើក​ទី២០ នៃ​ក្រុម​ប្រឹក្សា​អភិបាល​កិច្ច នៃ​គណៈ​កម្មា​ធិការ​វេទិការ​ទឹក​អាស៊ីប៉ាស៊ីហ្វិក (ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧)

ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី២០ នៃ​ក្រុម​ប្រឹក្សា​អភិបាល​កិច្ច នៃ​គណៈ​កម្មាធិការ​វេទិការ​ទឹក​អាស៊ីប៉ាស៊ីហ្វិក ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​សឹង្ហបុរី ដោយ​មាន​តំណាង​អង្គការ​អន្តរជាតិ ភាព​ដៃ​គូ​ទឹក​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក ក្រុម​ប្រឹក្សា​ទឹក​អាស៊ី វេទិការ​ទឹក​កូរ៉េ វេទិកា​ទឹក​ជប៉ុន អង្គការ​អាងទន្លេ NARBO អង្គការ FAO អង្គការ UNESCAP PUB ប្រទេសសឹង្ហបុរី តំណាងគណៈកម្មាធិការគ្រប់គ្រងទឹកប្រទេសមីយ៉ានម៉ា និងមន្រ្តីអគ្គលេខាធិការដ្ឋាន នៃវេទិការទឹកអាស៊ីប៉ាស៊ីហ្វិក សរុបចំនួន ២០រូប។

កិច្ចប្រជុំមានគោលបំណង ដើម្បី (១) ពិនិត្យ និងសម្រេចប្រទេសម្ចាស់ផ្ទះសម្រាប់ទទួលរៀបចំកិច្ចប្រជុំកំពូលលើកទី៣ ស្តីពីទឹក របស់គណៈកម្មាធិការវេទិកាទឹកអាស៊ីប៉ាស៊ីហ្វិក (២) ពិនិត្យ និងពិភាក្សាលើបណ្តាផ្នែក និងប្រធានបទនៃរបៀបវារៈកិច្ចប្រជុំកំពូល ដែលប្រទាក់នឹងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយជីរភាព (៣) ពិភាក្សាអំពីស្ថាប័នទទួលបន្ទុកដឹកនាំ ឬជាសហប្រធានដឹកនាំផ្នែកនីមួយៗ (៤) ការទទួលខុសត្រូវរបស់អនុតំបន់នីមួយៗ សម្រាប់ប្រធានបទពាក់ព័ន្ធ ដូចជារបាយការណ៍

ឯកសារពាក់ព័ន្ធករណីសិក្សាជាដើម (៥) ពិនិត្យលើដំណើរការតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្ពោះទៅវេទិកាទឹកសកលលោកឆ្នាំ២០១៨ នៅប្រទេសប្រេស៊ីល និង (៦) សំណើរៀបចំវេទិកាទឹកអន្តរជាតិសឹង្ហបុរី វេទិកាទឹកអន្តរជាតិកូរ៉េខាងត្បូង និងវេទិកាទឹករបស់ក្រុមប្រឹក្សាទឹកអាស៊ី។

កិច្ចប្រជុំបានសម្រេច៖

១. ប្រទេសមីយ៉ានម៉ា ត្រូវបានជ្រើសរើសជាប្រទេសម្ចាស់ផ្ទះ ក្នុងចំណោមបេក្ខភាពប្រទេស៣ (ម៉ុងហ្គោលី និងវៀតណាម) ដែលបានបំពេញលក្ខខណ្ឌអាចទទួលយកបាន ទាំងផ្នែកនយោបាយ សុវត្ថិភាព បទពិសោធន៍ ទីតាំងភ្ជាប់យន្តហោះ និងមានការគាំទ្រពីអង្គការអន្តរជាតិជាច្រើន

២. កិច្ចប្រជុំកំពូលតំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីទឹក ដែលនឹងរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០១៧

៣. បានឯកភាពលើបណ្តាផ្នែកទាំង៥ (អាកាសធាតុ ប្រជាពលរដ្ឋ ការអភិវឌ្ឍ ទីប្រជុំជន ប្រព័ន្ធអេកូឡូស៊ី និងការស្វែងរកមូនិធិ និងប្រធានបទក្រោមផ្នែកនីមួយៗ និងផ្នែកពាក់ព័ន្ធ ការចែករំលែក សមត្ថភាព និងអភិបាលកិច្ច

៤. បានឯកភាពអង្គការស្ថាប័នដែលនឹងដឹកនាំ ឬសហដឹកនាំផ្នែកនីមួយៗ និងក្រុមទទួលបន្ទុកលើការរៀបចំបទបង្ហាញតាមប្រធានបទនីមួយៗ

៥. បានឯកភាពអនុតំបន់នីមួយៗ នឹងមានជាអ្នកសម្របសម្រួលធ្វើការជាមួយអ្នកសម្របសម្រួលថ្នាក់តំបន់ដើម្បីអនុវត្តសកម្មភាពតាមផែនការនៃកាលកំណត់ និងការរៀបចំរបាយការណ៍ ឯកសារ

៦. បានឯកភាពសំណើរៀបចំវេទិកាទឹកអន្តរជាតិសឹង្ហបុរី ខែកក្កដា ឆ្នាំ២០១៧ វេទិកាទឹកអន្តរជាតិកូរ៉េខាងត្បូង ខែកញ្ញា ឆ្នាំ២០១៧ និងវេទិកាទឹករបស់ក្រុមប្រឹក្សាទឹកអាស៊ី ខែកញ្ញា ឆ្នាំ២០១៧ ដោយបានស្នើសុំការរៀបចំគួរចៀសវាងការជាន់ផ្នែក និងប្រធានបទដូចគ្នា និងពេលវេលាខែតែមួយ។

ការពិភាក្សាទូទៅ៖ គ្រប់ស្ថាប័ន និងអង្គការដែលបានពេញចិត្តចូលរួម បានបង្ហាញការប្តេជ្ញាចិត្តចូលរួម និងគាំទ្រ។ កម្ពុជា ក្នុងនាមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បានស្មើបញ្ចូលគណៈកម្មការទន្លេមេគង្គ ទទួលបន្ទុកប្រធានបទ ការគ្រប់គ្រងអាងទន្លេ រួមទាំងការគ្រប់គ្រងទឹកឆ្លងដែន ដែលជាឱកាសល្អសម្រាប់ MRC បង្ហាញនូវបទពិសោធន៍ និងចំណេះដឹងផ្សព្វផ្សាយជូនពិភពលោក និងទំនាក់ទំនងល្អជាមួយប្រទេសចិន និងមីយ៉ានម៉ា ក្នុងកិច្ចការអភិបាលកិច្ចទន្លេមេគង្គ និងស្នើមានលិខិតជាផ្លូវការសម្រាប់គណៈកម្មការទន្លេមេគង្គពិចារណា និងសម្រេច។ អង្គប្រជុំបានចាប់អារម្មណ៍ និងបានពិចារណាអំពីការអញ្ជើញគណៈកម្មការទន្លេមេគង្គ ក្នុងពេលវេលាមួយអាចធ្វើទៅបាន៕

Hits: 1227