Developed by Khmer Focus

បេសកកម្ម​របស់​ធនាគារ​ពិភពលោក សម្រាប់​គាំទ្រ​ដំណើរ​ការ​អនុវត្ត​គម្រោង (ថ្ងៃទី ២៤-២៨ ខែមេសា ឆ្នាំ២០១៧)

ភ្នំពេញ៖ អគ្គ​លេខាធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​កាងារ​ជា​មួយ​មន្រ្តី​ក្រុម​បេសកកម្ម ធនាគារ​ពិភពលោក ដែល​ដឹក​នាំ​ដោយ​លោក​ស្រី Eillen Burke ប្រធាន​ក្រុម​ការ​ងារ និង​អម​ដំណើរ​ដោយ​មន្រ្តី​ធនាគារ​ពិភពលោក ចំនួន ៧រូប មាន​រយៈ​ពេល ៣ថ្ងៃ ចាប់​ពីថ្ងៃទី២៤ ដល់​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ សម្រាប់​គាំទ្រ​ដំណើរ​ការ​អនុវត្ត​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ តំណាក់កាលទី៣ នៅកម្ពុជា។

ឯកឧត្ត វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានគ្រប់គ្រងគម្រោងសមាសភាគ២ និងលោក ឆេង ផែន ជាប្រធានស្តីទីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នេសាទទឹកសាប នៃរដ្ឋបាលជលផល និងជាប្រធានគ្រប់គ្រងសមាសភាគ១ បានសហការដឹកនាំដំណើរការជួបពិភាក្សាការងារជាមួយក្រុមការងារបេសកកម្ម ដោយមានការអញ្ជើញចូលរួមពីមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រ្តីក្រុមការងារគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីមន្រ្តីរដ្ឋបាលជលផល ដែលសរុបមានចំនួន ១៨រូប។

ដំណើរការនៃកិច្ចប្រជុំបានពិភាក្សាលើរបាយការណ៍ពីការវិវត្តរីកចម្រើននៃការអនុវត្តការងាររបស់សមាសភាគគម្រោងនីមួយៗលើកិច្ចការរដ្ឋបាល ការងារគ្រប់គ្រងគម្រោង ការងារលទ្ធកម្ម និងការងារគ្រប់គ្រងហិរញ្ញវត្ថុ។

ចំពោះសមាសភាគ២ ដែលដឹកនាំអនុវត្តដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា កិច្ចប្រជុំបានពិភាក្សាលើសេចក្តីព្រាងឯកសារចំនួន ៥រួមមាន៖

(១) លក្ខខណ្ឌការងារសម្រាប់ក្រុមហ៊ុនបច្ចេកទេស សម្រាប់គម្រោងគ្រប់គ្រងធនធានទឹក

(២) ឯកសារសំណើចំណាប់អារម្មណ៍នៃក្រុមហ៊ុន សម្រាប់ដាក់ពាក្យចូលរួមដេញថ្លៃអនុវត្តន៍គម្រោង

(៣) លក្ខខណ្ឌការងារសម្រាប់ក្រុមហ៊ុនបច្ចេកទេស eWater ជាទីប្រឹក្សាតាមដាន និងវាយតម្លៃក្រុមហ៊ុនបច្ចេកទេស អនុវត្តន៍គម្រោងគ្រប់គ្រងធនធានទឹក

(៤) លក្ខខណ្ឌការងារសម្រាប់ជំនាញការក្នុងស្រុក លើការសិក្សា និងវាយតម្លៃស្ថានភាពបណ្តាញជលសាស្រ្ត និងឧតុនិយម ដែលពាក់ព័ន្ធនឹងតំបន់អនុគម្រោង

(៥) ឯកសារសំណើចំណាប់អារម្មណ៍សុំដាក់ពាក្យរបស់ជំនាញការជាតិ សម្រាប់ការសិក្សា និងវាយតម្លៃស្ថានភាពបណ្តាញជលសាស្រ្ត និងឧតុនិយម ដែលពាក់ព័ន្ធនឹងតំបន់អនុគម្រោង៕

Hits: 2899