Developed by Khmer Focus

ឯកឧត្តម វ៉ាត់ បុត្តកុសល ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​ជំនាញ ធនាគារ​ពិភពលោក (ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង និង​លោក ឈាង ហុង ប្រធាន​នាយក​ដ្ឋាន គ្រប់​គ្រង​ព័ត៌មាន និង​ចំណេះ​ដឹង នៃ​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ បាន​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ក្រុម​ជំនាញ ធនាគារ​ពិភពលោក ដែល​ដឹក​នាំ​ដោយ​លោក Christophe Crepin, Manager Environment and Natural Resources East Asia and Pacific Region និងអមដំណើរដោយមន្រ្តី៣រូប គឺលោក Bunlong Leng, Environment Specialist លោកស្រី Maria Dumprt, Consultant និងលោកស្រី ANJALI ACHARYA, Environment Sector Coordinator។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាពីដំណើរវិវត្តិនៃការការវិភាគជាប្រព័ន្ធសម្រាប់ប្រទេសកម្ពុជា សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលរក្សាកំណើនសេដ្ឋកិច្ចជាតិ និងសំណើបន្តគម្រោងអភិវឌ្ឍន៍។

ឯកឧត្តម វ៉ាត់ បុត្តកុសល បានជម្រាបជូនអំពីដំណើរការវិវត្តរីកចម្រើននៃការខិតខំរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្នុងកិច្ចសហការជាមួយបណ្តាក្រសួងជាសមាជិក អនុវត្តន៍កិច្ចការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រទេស ក្នុងនោះការងារពាក់ព័ន្ធនឹងទឹក កិច្ចសហការជាមួយប្រទេសសមាជិកក្នុងក្របខ័ណ្ឌ គណៈកម្មការទន្លេមេគង្គ ដូចជាគម្រោងឆ្លងដែន និងកម្មវិធីការងារផ្សេងទៀត ក្នុងនោះ ការសិក្សារបស់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ និងការងារក្របខ័ណ្ឌជាតិ លើការអអនុវត្តគម្រោងធនធានទឹកចម្រុះមេគង្គ ក្រោមជំនួយពីធនាគារពិភពលោក។ ចំពោះ រយៈពេល ៥ ទៅ ១០ឆ្នាំខាងមុខ ឯកឧត្តមបានជម្រាបជូនគំនិតផ្តួចផ្តើមថ្មី រៀបចំដោយក្រុមការងារដែលមានមន្រ្តី គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្រ្តីរដ្ឋបាលព្រៃឈើ លើសេចក្តីព្រាងឯកសារទស្សនទាន នៃគម្រោងវិនិយោគលើការគ្រប់គ្រង និងអភិរក្សចម្រុះព្រៃឈើសម្រាប់តំបន់ជួរភ្នំក្រវ៉ាញ ដើម្បីគាំទ្រមុខងារធនធានធម្មជាតិដែលផ្សារភ្ជាប់នឹងការគ្រប់គ្រងធនធានធម្មជាតិបឹងទន្លេសាប សម្រាប់ឆ្នាំ ២០១៨-២០២២ ឬ ២០២៧។

ក្រុមបេសកកម្ម ធនាគារពិភពលោក បានវាយតម្លៃចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា រក្សាបានការងារសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងក្របខ័ណ្ឌជាតិ និងលើកគំនិតផ្ទួចផ្តើមថ្មីសម្រាប់រយៈពេល ៥ ទៅ ១០ឆ្នាំខាងមុខ។ ក្រុមធនាគារពិភពលោក ស្នើសុំពិចារណាអំពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម លើការអភិវឌ្ឍតំបន់មេគង្គដីសណ្ត ដែលនឹងពង្រឹងការសន្ទនា ការវិនិយោគរួម និងបានបញ្ជាក់ថា ក្រោមថវិកានៃគារពិភពលោក ៣១០លាន ដែលបានអនុម័តរួចហើយ វៀតណាម កំពុងមានការសិក្សាអំពីកំណែទម្រង់ការអភិវឌ្ឍតំបន់ដីសណ្តមេគង្គវៀតណាមលើការគ្រប់គ្រង និងបញ្ជៀសទឹកជំនន់ នៅខេត្តជាប់នឹងប្រទេសកម្ពុជា ហើយចាំបាច់សហការជាមួយកម្ពុជា។ ឯកសារពាក់ព័ន្ធនឹងបញ្ជូនមកកម្ពុជា ដើម្បីពិចារណា និងចូលរួមសហការ។

លោក Crepin បញ្ជាក់ថា នៅចុងខែកក្កដា ឆ្នាំ២០១៧ នឹងបញ្ជូលក្នុងកំណត់ហេតុថ្មីរបស់ធនាគារពិភពលោក ដែលកត់សម្គាល់ពីដំណើរវិវត្តរីកចម្រើននានា នៃការខិតខំរបស់វិស័យពាក់ព័ន្ធ គាំទ្ររក្សាលំនឹងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងសំណើគំនិត ឬគម្រោងថ្មីសម្រាប់ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ពិនិត្យពិចារណា។ លោកបានគាំទ្រនឹងគំនិតផ្តួចផ្តើមថ្មីនៃគម្រោង ដែលគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបានរៀបចំ។ ឯកឧត្តម វ៉ាត់ បុត្តកុសល បានបញ្ជាក់ថា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោកលើការអនុវត្តគម្រោងបច្ចុប្បន្ន និងអនាគត ដែលមានផលប្រយោជន៍សំខាន់សម្រាប់ភាពរីកចម្រើនសេដ្ឋកិច្ច សង្គម និងបរិស្ថានរបស់ប្រទេស៕

Hits: 1410