សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី ការអនុវត្តពាក់កណ្ដាលអណត្តិ នៃការសិក្សាលើការគ្រប់គ្រង និងអភិវឌ្ឍ (ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧)
កំពង់ចាម៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើរបាយការណ៍ពាក់កណ្តាលអណត្តិ នៃគម្រោងសិក្សាលើការអភិវឌ្ឍ និងគ្រប់គ្រងធនធានទឹក លើទន្លេមេគង្គ ដែលភ្ជាប់ជាមួយផ្ទៃរងទឹកភ្លៀងបឹងទន្លេសាប នៅទីរួមខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៣៥រូប។
គម្រោងនេះទ្រទ្រង់ថវិកាដោយសាធារណរដ្ឋកូរ៉េ តាមរយៈវិទ្យាស្ថានមេគង្គ នឹងដឹកនាំអនុវត្តន៍ដោយក្រសួងធនធានទឹក និងឧតុនិយម ដែលមានរយៈពេល ១ឆ្នាំ ដោយចាប់ផ្តើមពីខែមីនា ឆ្នាំ ២០១៧ ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០១៨ ខាងមុខ។ គម្រោងនេះបែងចែកជាពីរតំណាក់កាលគឺ តំណាក់កាលបឋម មានរយៈពេល ៣ខែ (មីនា ដល់ ឧសភា ២០១៧) និងតំណាក់កាលរៀបចំរបាយការណ៍អំពីការសិក្សា មានរយៈពេល ៩ខែ (មិថុនា ២០១៧ ដល់ មីនា ២០១៨)។
គម្រោងនេះនឹងផ្តល់នូវលទ្ធផលដូចខាងក្រោម៖
១- របាយការណ៍វាយតម្លៃអំពីស្ថានភាពព័ត៌មាន និងចំណេះដឹង ក្នុងតំបន់មេគង្គ-ទន្លេសាប និងវាលទំនាបដីសើម
២- របាយការណ៍វាយតម្លៃលើប្រព័ន្ធអេកូឡូស៊ី ផលប៉ះពាល់ពីការអភិវឌ្ឍនៅផ្នែកខាងលើ មកលើវិស័យជលផល កសិកម្ម និងតំបន់ដីសើម
៣- ការវាយតម្លៃបុរេលក្ខណៈជលសាស្រ្ត សម្រាប់ការបង្វែរទឹកនៅដើមទឹកជំនន់ ពីមេគង្គ ចូលទន្លេសាប
៤- ការស្នើរចនាបទរូបសាស្រ្ត សម្រាប់ការបង្វែរទឹក
៥- ការវិភាគសេដ្ឋកិច្ច-សង្គមលើតំបន់ដែលត្រូវបង្វែរទឹក និង
៦- ការស្នើឡើងនូវទិសដៅយុទ្ធសាស្រ្ត សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍវាលទំនាប។
សិក្ខាសិលានេះធ្វើឡើងដើម្បី៖
១. ស្តាប់នូវសេចក្តីរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ភាពប្រឈម និងផែនការឆ្ពោះទៅរកការបញ្ចប់គម្រោង
២. ធ្វើការពិភាក្សា និងផ្តល់យោបល់លើការប្រមូលព័ត៌មាន និងទិន្នន័យបន្ថែម
៣. បង្កើតទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ ដើម្បីកំណត់នូវសក្តានុពលភាពនៃបញ្ហារសើប និងការលំបាក និង
៤. កំណត់នូវកាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការជាមួយវិស័យផ្សេងៗ ទៅក្នុងកម្រិតជាតិ និងកម្រិតតំបន់៕
Hits: 2633