កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការតាមដានការប្រើប្រាស់ដីកសិកម្ម (ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥)
(MRC-AIP)
វៀងច័ន្ទ៖ គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ថ្នាក់តំបន់ស្តីពី ការតាមដានការប្រើប្រាស់ដីកសិកម្ម នៅប្រទេសឡាវ ដោយមានការចូលរួមពីប្រទេសជាសមាជិក និងមន្រ្តីនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ២២រូប។ សមាសភាពចូលរូមពីកម្ពុជាមានចំនួន ០៥រូប។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖ (១) ពិភាក្សាស្វែងរកនូវគំនិតយោបល់ និងការឯកភាពលើសំណើគម្រោងស្តីពី ការតាមដានការប្រើប្រាស់ដីកសិកម្ម ដោយផ្តោតលើផែនការការងារ និងលទ្ធផល (២) ផ្តល់យោបល់ និងឯកភាពលើលក្ខខណ្ឌការងារ នៃក្រុមការងារថ្នាក់ជាតិ សម្រាប់អនុវត្តន៍គម្រោង។
អង្គប្រជុំបានពិភាក្សា និងស្នើសុំឲ្យក្រុមការងារ AIP ថ្នាក់តំបន់ រៀបចំកែសម្រួលសំណើគម្រោងឡើងវិញ ហើយក៏បានពិភាក្សាផងដែរ អំពីការជ្រើសរើសតំបន់សិក្សាស្រាវជ្រាវទៅតាមប្រទេសរៀងៗខ្លួន ដោយឡែកកម្ពុជាបានជ្រើសរើសយកខេត្តកំពង់ចាមជាតំបន់គោលដៅ និងមានការរៀបចំជាកម្រងបញ្ជីសំណួរដើម្បីចុះស្រង់ព័ត៌មាននៅតាមតំបន់នោះ។
ក្រុមការងារ AIP ថ្នាក់តំបន់ស្នើសុំឲ្យក្រុមការងារថ្នាក់ជាតិទាំង ៤ប្រទេស ធ្វើការយ៉ាងជិតស្និទ្ធជាមួយជំនាញការអន្តរជាតិ ពាក់ព័ន្ធទៅនឹងនីតិវិធី និងឧបករណ៍មួយចំនួនដូចជា៖
- គំរូរចនាសម្ព័ន្ធសម្រាប់ការប្រមូលទិន្នន័យ
- កម្រងបញ្ជីសំណួរ
- គោលការណ៍ណែនាំសម្រាប់ការប្រមូលទិន្នន័យ រួមទាំងការពិភាក្សាផងដែរ និង
- ការរៀបចំរបាយការណ៍។
ក្រុមការងារ AIP ថ្នាក់តំបន់នឹងរៀបចំកិច្ចព្រមព្រៀងការងារ ដើម្បីដាក់ជូនទៅប្រទេសដែលជាសមាជិក (កម្ពុជា ឡាវ ថៃ និងវៀតណាម) ដើម្បីចុះហត្ថលេខា និងចាប់ផ្តើមទទួលអនុវត្តន៍ការងារនាពេលឆាប់ៗខាងមុខ។
Hits: 4380