កិច្ចប្រជុំពិភាក្សាថ្នាក់ជាតិស្តីពី ការតាមដានបម្រែបម្រួលនៃការប្រើប្រាស់ដីកសិកម្ម ក្នុងអាងទន្លេមេគង្គក្រោម (ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤)
(CNMC-AIP)
កំពង់ចាម៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា តាមរយៈកម្មវិធីកសិកម្ម និងធារាសាស្ត្រ បានរៀបចំកិច្ចប្រជុំពិភាក្សាថ្នាក់ជាតិស្តីពី ការតាមដានបម្រែបម្រួល នៃការប្រើប្រាស់ដីកសិកម្ម ក្នុងអាងទន្លេមេគង្គក្រោម នៅសណ្ឋាគារភ្នំប្រុស ទីរួមខេត្តកំពង់ចាម។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម អាន ពេជ្រហត្ថដា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្នុងនាមឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានមន្រ្តីចូលរួមមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ១៨រូប។
គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សា និងផ្តល់យោបល់លើគម្រោងស្នើសុំ និងលក្ខខណ្ឌអនុវត្តន៍ការងារស្តីពី ការតាមដានបម្រែបម្រួល នៃការប្រើប្រាស់ដីកសិកម្ម។ នៅក្នុងប្រសាសន៍ស្វាគមន៍ និងបើកកិច្ចប្រជុំ ឯកឧត្តមបានលើកឡើងថា វិស័យកសិកម្មត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយក្នុងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានបន្តដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញការដាំដុះក្នុងស្រុក គឺរួមចំណែកដល់ការលូតលាស់ផ្នែកសេដ្ឋកិច្ចជាតិ។ ការពង្រីកវិស័យកសិកម្ម ការប្រើប្រាស់ធនធាន ដោយផ្អែកលើចំណេះដឹង បច្ចេកទេសផ្នែកកសិកម្ម និងធារាសាស្ត្រ គឺជាឱកាសកំណត់នូវការអភិវឌ្ឍ បង្កើនប្រាក់ចំណូល ដែលធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិករ។ កិច្ចប្រជុំពិភាក្សានេះ បានពិភាក្សា និងផ្តល់យោបល់យ៉ាងផុលផុស និងស្នើសុំឱ្យកែសម្រួលលើឯកសារលក្ខខណ្ឌអនុវត្តន៍ការងារមួយចំនួន ដែលនឹងត្រូវអនុវត្តន៍ក្នុងឆ្នាំ២០១៥។ អង្គប្រជុំក៏បានឯកភាពក្នុងការរៀបចំក្រុមការងារបច្ចេកទេស និងផែនការសកម្មភាពបន្ទាប់ ព្រមទាំងការជ្រើសរើសតំបន់សម្រាប់សិក្សាស្រាវជ្រាវចំនួន ០២កន្លែងក្នុងខេត្តតែមួយ។ បន្ទាប់ពីប្រមូលមតិយោបល់ពីកិច្ចប្រជុំនេះ គណៈកម្មការទន្លេមេគង្គនឹងរៀបចំកិច្ចប្រជុំថ្នាក់តំបន់នៅចុងខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីពិនិត្យ និងកែសម្រួលលើឯកសារគម្រោងស្នើសុំ សម្រាប់អនុវត្តន៍នៅថ្នាក់ជាតិ នៃបណ្តាប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ៕
Hits: 3836