Developed by Khmer Focus
ជំនួប​ប្រជុំ​ជា​មួយ​មន្រ្តី WWF ជា​មួយ​មន្រ្តី គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា

(CNMC)

ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ២០១៦ វេលា​ម៉ោង ៩ និង៣០​ព្រឹក នៅ​សាល​ប្រជុំ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា មាន​ជំនួប​ប្រជុំ​រវាង​មន្រ្តី​អង្គការ WWF មាន ០២រូប ដឹក​នាំ​ដោយ​លោក Marc Goichot, Lead Water and Energy Security និង​មន្ត្រី​អគ្គ​លេខា​ធិការ​ដ្ឋាន គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា (គ.ជ.ទ.ម.ក) មាន ០៤រូប ដឹក​នាំ​ដោយ​ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខាធិការ​រង គ.ជ.ទ.ម.ក ក្នុង​គោល​បំណង​ដើម្បី ពិភាក្សា​ស្វែង​យល់​ពី​ការ​ងារ​គម្រោង​អភិវឌ្ឍន៍​ធន​ធាន​ទឹក​នៅ​ក្នុង​បរិបទ​គណៈ​កម្មការ​ទន្លេ​មេគង្គ និង​ប្រទេស​កម្ពុជា និង​ពិភាក្សា​លើ​គំនិត​ផ្តួច​ផ្តើម​ការ​សិក្សា​ផ្នែក​សេដ្ឋ​កិច្ច​ទឹក​សម្រាប់​ប្រទេស​កម្ពុជា។

ក្នុង​នាម​ឯកឧត្តម លឹម គានហោ រដ្ឋ​មន្រ្តី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ឯកឧត្តម វ៉ាត់ បុត្តកុសល បាន​ស្វាគមន៍ និង​អរគុណ​ចំពោះ​ការ​ស្នើ​សុំ​ឱ្យ​មាន​ជំនួប​ប្រជុំ​នេះ ដែល​ពិត​ជា​មាន​សារសំខាន់​ដើម្បី​ស្វែង​យល់​ពី​កិច្ច​ការ​សំខាន់ៗ​រវាង​គ្នា និង​កសាង​កិច្ច​សហប្រតិត្តិការ​ក្នុង​វិស័យ​ទឹក និង​វិស័យ​ពាក់​ព័ន្ធ តាម​អណត្តិ​របស់ គ.ជ.ទ.ម.ក ដែល​បំពេញ​ការ​ងារ​សម្រប​សម្រួល​ជា​មួយ​ក្រសួង​ជា​សមាជិក និង​ប្រទេស​ជា​សមាជិក និង​គណៈ​កម្មការ​ទន្លេ​មេគង្គ។ ឯកឧត្តម បាន​ជម្រាប​ជូន​បន្ថែម​ជុំវិញ​ស្ថាន​ភាព​នៃ​ការ​គ្រប់​គ្រង និង​អភិវឌ្ឍន៍​ធន​ធាន​ទឹក​ក្នុង​បរិបទ​គណៈ​កម្មការ​ទន្លេ​មេគង្គ បញ្ហា​ប្រឈម​នានា​ដែល​អាង​ទន្លេ​មេគង្គ​កំពុង​ជួប​ប្រទះ បញ្ហា​កង្វះ​ទឹក ភាព​រាំង​ស្ងួត កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ក្នុង​ការ​ដោះ​ស្រាយ​ភាព​ប្រឈម ដំណើរ​ការ​អភិវឌ្ឍន៍​សម្រាប់​អនុវត្ត​យុទ្ធ​សាស្រ្ត​អាង​ទន្លេ ការ​ខិត​ខំ​របស់​ក្រសួង​ជា​សមាជិក ជា​ពិសេស​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ក្នុង​ការ​បង្កើត​បទដ្ឋាន​ច្បាប់ យន្ត​ការ​គ្រប់​គ្រង​អាង​ទន្លេ ប្រព័ន្ធ​គ្រប់​គ្រង​ធារា​សាស្រ្ត​ជា​ដើម។

លោក Marc Goichot បាន​វាយ​តម្លៃ​ខ្ពស់​ពី​ភាព​រីក​ចម្រើន​ផ្នែក​វិស័យ​ទឹក​នៅ​កម្ពុជា វាយ​តម្លៃ​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្រប​ខ័ណ្ឌ​គណៈ​កម្មការ​ទន្លេ​មេគង្គ និង​បាន​ទទួល​ស្គាល់​ភាព​ប្រឈម​ជា​ច្រើន​នៅ​ក្នុង​តំបន់ និង​សម្រាប់​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​ស្ថិត​នៅ​ខាង​ក្រោម ទទួល​រង​ឥទ្ធិពល​ពី​ការ​អភិវឌ្ឍ​នៅ​តំបន់​ខ្សែ​ទឹក​ខាង​លើ ដល់​បរិស្ថាន ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ទន្លេ​មេគង្គ បឹង​ទន្លេ​សាប និង​ដី​សណ្ត​មេគង្គ​ទាំង​មូល។ លោក Marc Goichot បាន​លើក​ឡើង​ពី​បំណង​នៃ​ WWF ស្វែង​រក​ថវិកា​ដើម្បី​ធ្វើ​ការ​សិក្សា​ផ្នែក​សេដ្ឋកិច្ច​ទឹក​សម្រាប់​កម្ពុជា។ គម្រោង​សិក្សា​នេះ​មាន​រយៈ​ពេល ៦ខែ​ក្នុង​ឆ្នាំ២០១៦​នេះ ដែល​នឹង​មាន​របាយ​ការណ៍ វាយ​តម្លៃ​ពី​តម្លៃ​ទឹក​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស ដែល​បង្ហាញ​សូចនាករ ​អភិវឌ្ឍ និង​គ្រប់​គ្រង​ទឹក​ចំពោះ​វិស័យ​សេដ្ឋកិច្ច សង្គម បរិស្ថាន ព្រម​ទាំង​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ដែល​អាស្រ័យ​ទឹក​ផង​ដែរ ហើយ​លោក​បាន​ស្នើ​សុំ គ.ជ.ទ.ម.ក ជា​ស្ថាប័ន​សម្រប​សម្រួល​ក្នុង​ដំណើរ​ការ​សិក្សា​នេះ។

កិច្ចប្រជុំ​បាន​ពិភាក្សា និង​វាយ​តម្លៃ​ពី​សារសំខាន់​នៃ​ការ​សិក្សា និង​ផ្លាស់​ប្តូរ​បទពិសោធន៍​ការ​ងារ​ដែល គ.ជ.ទ.ម.ក សហការ​ជា​មួយ​ក្រសួង​ពាក់ព័ន្ធ​អនុវត្ត​ការ​ងារ​កសាង​ផែន​ការ​អាង​ទន្លេ ការ​កសាង​ផែន​ការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​អាង​ទន្លេ​មេគង្គ ការ​កសាង​ផែន​ការ​ចង្អុល​ថ្នាក់​ជាតិ ការ​រៀប​ចំ និង​វាយ​តម្លៃ​សេណារីយ៉ូ​អភិវឌ្ឍន៍​ជា​ដើម ដែល​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ស្ថាប័ន​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល។ កិច្ច​ប្រជុំ​បាន​ឯកភាព​ថា នឹង​បន្ត​មាន​ការ​ពិភាក្សា​ធំ​ទូលាយ​ជាង​នេះ ជា​មួយ​មន្រ្តី គ.ជ.ទ.ម.ក និង​ក្រសួង​ជំនាញ​សំខាន់ៗ ហើយ​បាន​ឯកភាព នឹង​ជម្រាប​រាយ​ការណ៍​ជូន​ថ្នាក់​ដឹក​នាំ គ.ជ.ទ.ម.ក ដើម្បី​ពិនិត្យ និង​សម្រេច​លើ​គំនិត​ផ្តួច​ផ្តើម​ការ​សិក្សា​ផ្នែក​សេដ្ឋកិច្ច​ទឹក​នៅ​កម្ពុជា។

កិច្ចប្រជុំបាន​បញ្ចប់​នាវេលា​ម៉ោង ១១ព្រឹក ប្រកប​ដោយ​បរិយាកាស​កិច្ច​សហប្រតិបត្តិការ៕