(MRC-BDP)
វៀងច័ន្ទ៖ គណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការរៀបចំផែនការយុទ្ធសាស្រ្ត MRC ឆ្នាំ ២០១៦-២០២០ នៅលេខាធិការដ្ឋាន MRC ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដឹកនាំដោយឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ CNMC និងមានមន្រ្តីអគ្គលេខាធិការដ្ឋាន CNMC មន្រ្តីតំណាងក្រសួងផែនការ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន និងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន ០៧រូប។ មានមន្រ្តីប្រតិភូមកពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម មន្រ្តីលេខាធិការដ្ឋាន MRC ប្រចាំទីក្រុងភ្នំពេញ និងទីក្រុងវៀងច័ន្ទ តំណាងស្ថានទូតអូស្រ្តាលី តំណាងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៥៥រូប។
កិច្ចប្រជុំមានគោលបំណងសំខាន់ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងឯកសារផែនការយុទ្ធសាស្រ្តរបស់ MRC ឆ្នាំ ២០១៦-២០២០ ដោយដាក់បញ្ជូលមតិយោបល់ថ្នាក់ជាតិ នៃប្រទេសសមាជិក និងមតិយោបល់របស់ដៃគូអភិវឌ្ឍន៍ ដែលគាំទ្រគណៈកម្មការទន្លេមេគង្គ។
ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ CNMC និងជាប្រធានគណៈកម្មាធិការរួម MRC ២០១៥/២០១៦ និងលោក Hans Guttman នាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន MRC ជាគណៈអធិបតី និងជាសហប្រធាននៃកិច្ចប្រជុំ បានថ្លែងចាប់អារម្មណ៍ និងបើកកិច្ចប្រជុំ ដោយបានវាយតម្លៃពីសារសំខាន់នៃឯកសារផែនការយុទ្ធសាស្រ្ត ដែលនឹងត្រូវប្រើប្រាស់សម្រាប់អនុវត្តន៍យុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេមេគង្គ ២០១៦-២០២០ និងដំណើរការអនុវត្តន៍ផែនទីបង្ហាញផ្លូវអនុវត្តន៍ដំណើរការវិមជ្ឈការ និងមុខងារស្នូលរបស់គណៈកម្មការទន្លេមេគង្គ ព្រមទាំងបានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ដែលបាន និងបន្តការគាំទ្រ និងផ្តល់ថវិកាសម្រាប់ MRC។
កិច្ចប្រជុំបានស្តាប់នូវខ្លឹមសារ និងអត្ថន័យនៃបទឧទេ្ទសនាមទាក់ទង (១) ទិដ្ឋភាពទូទៅនៃផែនការយុទ្ធសាស្រ្ត ២០១៦-២០២០ និងទំនាក់ទនងចំពោះយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេ និងមុខងារស្នូល (២) ខ្សែសង្វាក់លទ្ធផលគឺ គោលដៅ (Goal) ផលសម្រេច (Outcomes) លទ្ធផល (Outputs) និងសកម្មភាព (Activities) (៣) ថវិកាប៉ាន់ប្រមាណ និងតម្រូវការថវិកាអនុវត្តន៍ផែនការយុទ្ធសាស្រ្ត (៤) ការរៀបចំរចនាសម្ព័ន្ធអនុវត្តន៍ និង (៥) ) ការពិនិត្យតាមដាន និងវាយតម្លៃផែនការយុទ្ធសាស្រ្ត។
បទបង្ហាញបានលើកឡើងផងដែរនូវ មតិយោបល់របស់ប្រទេសជាសមាជិក ក្នុងការចូលរួមកែលំលើសេចក្តីព្រាងឯកសារ តាមរយៈលទ្ធផលកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ។ មតិយោបល់របស់ដៃគូអភិវឌ្ឍន៍បានផ្តល់ ដើម្បីកែលំអ និងកែសម្រួលខ្លឹមសារនៃសេចក្តីព្រាងឯកសារផែនការយុទ្ធសាស្រ្ត និងថវិកាជាកញ្ចប់ (Basket Fund) ដែលត្រូវគណនាឱ្យមានលក្ខណៈជាក់ស្តែង។
អង្គប្រជុំបានលើកទិសដៅទៅថ្ងៃមុខ ដើម្បីបន្តការរៀបចំបញ្ចប់ឯកសារផែនការយុទ្ធសាស្រ្តគឺ៖
- សេចក្តីព្រាងឯកសារថ្មី នឹងត្រូវរៀបចំក្នុងខែមីនា ២០១៥
- ការវាយតម្លៃរួមនៃឯកសារផែនការយុទ្ធសាស្រ្ត នឹងប្រព្រឹត្តនៅខែ មីនា-មេសា ២០១៥
- ការប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ-តំបន់ក្នុងខែ ឧសភា ២០១៥
- គណៈកម្មាធិការរួម អនុម័តឯកសារផែនការយុទ្ធសាស្រ្តក្នុងខែសីហា ឆ្នំា២០១៥
ក្រោយមកមានការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ ថវិកាជាកញ្ចប់ ការព្រមព្រៀងផ្នែកហិរញ្ញវត្ថុ និងការជ្រើសរើសបុគ្គលិក (ការរៀបចំលក្ខខណ្ឌការងារ)។ល។