(CNMC-CCAI)
សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានបើកកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការវិភាគគោលនយោបាយ ការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ ក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ដែលមានសមាជិកចូលរួមសរុបចំនួន ៣១រូប ជាមន្រ្តីបច្ចេកទេសមកពីបណ្តាក្រសួង ស្ថាប័នជាសមាជិក គ.ជ.ទ.ម.ក និងពាក់ព័ន្ធគ្រឹះស្ថាន សិក្សាស្រាវជ្រាវ និងមន្រ្តីសម្របសម្រួលថ្នាក់ជាតិ នៃបណ្តាកម្មវិធីពាក់ព័ន្ធ របស់ គ.ជ.ទ.ម.ក និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។
ក្នុងនាមឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន គ.ជ.ទ.ម.ក ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គ.ជ.ទ.ម.ក បានអញ្ជើញចូលរួមជាកិត្តិយសក្នុងការបើក និងដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់នេះ ដោយបានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺដើម្បីបង្ហាញ និងពិភាក្សាលើ៖ ១) ក្របខ័ណ្ឌ សម្រាប់វិភាគគោលនយោបាយស្តីពី ការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ ក្នុងអាងទន្លេមេគង្គក្រោម ២) សេចក្តីព្រាងលទ្ធផល នៃការវិភាគគោលនយោបាយថ្នាក់ជាតិស្តីពី ការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ ក្នុងប្រទេសកម្ពុជា ៣) ពិនិត្យលើច្បាប់គតិយុត្តិ និងគោលនយោបាយតាមវិស័យ និងស្ថាប័នជាតិដែលមានអាណត្តិពាក់ព័ន្ធនឹងការងារប្រែប្រួលអាកាសធាតុ។
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិដូចគ្នានេះ ក៏មានធ្វើដូចគ្នាដែរ នៅក្នុងប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ (ឡាវ ថៃ និងវៀតណាម) ហើយបន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិក្នុងប្រទេសជាសមាជិករួច លទ្ធផលនៃកិច្ចប្រជុំទាំងនេះ នឹងត្រូវបានធ្វើសំយោគបញ្ចូលគ្នាជាសេចក្តីព្រាងគោលនយោបាយ សម្រាប់ថ្នាក់តំបន់មេគង្គ រួចនឹងត្រូវដាក់ឆ្លងការពិភាក្សា ពិគ្រោះយោបល់ថ្នាក់តំបន់ ក្នុងចំណោមប្រទេសជាសមាជិក ដើម្បីទទួលបានគោលនយោបាយថ្នាក់តំបន់រួមមួយ៕