Developed by Khmer Focus
កិច្ច​ប្រជុំ​ថ្នាក់​តំបន់​លើក​ទី​៥ នៃ​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​កម្ម​វិធី កសិកម្ម​ និង​​ធារា​សាស្រ្ត (ថ្ងៃទី០៨​ ខែមេសា ឆ្នាំ២០១៥)

(MRC-AIP)

ភ្នំពេញ៖ លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ (MRCS) បាន​រៀប​ចំ​​កិច្ច​ប្រជុំ​​ថ្នាក់​តំបន់​លើក​ទី៥ នៃ​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​កម្ម​វិធី​កសិកម្ម និង​ធារា​សាស្រ្ត ដឹក​នាំ​ដោយ​លោក សូ សុភ័ទ្ទ មន្រ្តី​តំណាង​លេខា​ធិការ​​ដ្ឋាន និង​​មាន​​មន្រ្តី​​ចូល​រួម​ពី​​ប្រទេស​​កម្ពុជា ឡាវ​ ថៃ​ វៀត​ណាម និង​មន្ត្រី​​ជំនាញ​​មក​​ពី MRCS សរុប​ចំនួន​ ១២រូប។ ដោយ​​ឡែក​​សមាស​ភាព​អ្នក​ចូល​រូម​​មក​​ពី​​កម្ពុជា​​មាន​ចំនួន ០៣រូប ​រួម​មាន លោក ហ៊ួង ស៊ុនថាន ប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង និង​​អភិរក្ស​ធន​ធាន​ទឹក នៃ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម លោក សួស ប៊ុនថន អនុប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​ព័ត៌​មាន និង​ចំណេះ​ដឹង និង​​ជា​មន្រ្តី​​សម្រប​​សម្រួល​​ថ្នាក់​ជាតិ នៃ​កម្ម​វិធី​កសិកម្ម និង​​ធារា​សាស្រ្ត គ.ជ.ទ.ម.ក កញ្ញា គង់ ឡាមៀលពិសី មន្រ្តី​នាយក​ដ្ឋាន​រដ្ឋបាល គ.ជ.ទ.ម.ក។

គោលបំណង​នៃ​កិច្ច​ប្រជុំ​គឺ ដើម្បី​បង្ហាញ​អំពី​វឌ្ឍន​ភាព នៃ​ការ​អនុវត្ត​គម្រោង​​របស់​​កម្ម​វិធី​​កសិកម្ម និង​ធារា​សាស្រ្ត ក្នុង​ឆ្នាំ២០១៤ និង​គម្រោង​ដែល​ត្រូវ​​អនុវត្ត​ន៍​ក្នុង​ឆ្នាំ២០១៥ និង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព ​នៃ​ផែន​ការ​ការ​ងារ​ប្រចាំ​ឆ្នាំ២០១៥។

ជាលទ្ធផល​គឺ មាន​គម្រោង​មួយ​ចំនួន​ដែល​បាន​អនុវត្តន៍​ក្នុងឆ្នាំ ២០១៣-​២០១៤ កន្លង​មក​នេះ​​ត្រូវ​បាន​បញ្ចប់ និង​ទទួល​បាន​លទ្ធ​ផល​ជា​ទី​គាប់​ចិត្ត ព្រម​ទាំង​មាន​​គម្រោង​ស្តី​ពី ការ​​ប្រើ​​ប្រាស់​​ទឹក​​ក្រោម​ដី​​សម្រាប់​​កសិកម្ម កំពុង​​អនុវត្តន៍​បន្ត នឹង​ត្រូវ​​បញ្ចប់​ក្នុង​ឆ្នាំ២០១៥​នេះ។ ចំពោះ​គម្រោង​​ថ្មី​ដែល​​ត្រូវ​អនុវត្តន៍ ក្នុង​ឆ្នាំ​២០១៥ ​​មាន​​ចំនួន ០៤ រួម​ទាំង​ការ​សិក្សា​សម្រាប់ Council Study រួម​មាន គម្រោង​ការ​​តាម​​ដាន​​ការ​​ប្រើ​ប្រាស់​​​ដី​​កសិកម្ម ការ​អភិវឌ្ឍ​គោល​ការណ៍​ណែ​នាំ​​សម្រាប់​​ប្រព័ន្ធ​​ធារា​សាស្រ្ត ដែល​មិន​មាន​​ឧបសគ្គ​ដល់​​ការ​រស់​នៅ​របស់​ត្រី ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​ នៃ​ការ​​ប្រែ​ប្រួល​​អាកាស​​ធាតុ​ ទៅ​លើ​​សន្តិ​សុខ​ស្បៀង ការ​ប្រែ​ប្រួល​ដី​​កសិកម្ម និង​គម្រោង​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ធារា​សាស្រ្ត។

ដោយកម្មវិធីកសិកម្ម និង​​ធារា​សាស្រ្ត មាន​ថវិកា​ខ្វះ​ខាត​ដែល​ផ្តល់​ដោយ​​ប្រទេស​​ជប៉ុន ដូច្នេះ​កម្ម​វិធី​​នេះ​​មាន​ការ​ជួយ​​ឧបត្ថម្ភ​​បន្ថែម​ពី​កម្ម​វិធី CCAI និង FP ដើម្បី​​ឱ្យ​​គម្រោង​ដែល​បាន​​រៀប​រាប់​ខាង​លើ​ អនុវត្ត​ន៍​ទៅ​ដោយ​រលូន និង​ទទួល​បាន​​ជោគ​​ជ័យ៕