(MRC-AIP)
ហូជីមិញ៖ គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំថ្នាក់តំបន់លើកទី ៤ របស់គណៈកម្មាធិការតម្រង់ទិស នៃកម្មវិធីកសិកម្ម និងធារាសាស្រ្ត នៅប្រទេសវៀតណាម ដោយមានការអញ្ជើញចូលរួមពី បណ្តាប្រទេសជាសមាជិក (កម្ពុជា ឡាវ ថៃ និងវៀតណាម) និងមន្ត្រីជំនាញមកពី MRCS សរុបចំនួន ២១រូប ក្នុងនោះសមាសភាពចូលរួមពីកម្ពុជាមានចំនួន ០៤រូប។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖ (១) រាយការណ៍អំពីវឌ្ឍនភាព នៃការអនុវត្តសកម្មភាពការងារ និងលទ្ធផលដែលសម្រេចបានសំខាន់ៗ របស់កម្មវិធីកសិកម្ម និងធារាសាស្រ្ត (AIP) ក្នុងរយៈពេល ១២ខែ (ពីខែមិថុនា ឆ្នាំ២០១៤ ដល់ខែមិថុនា ឆ្នាំ២០១៥) រួមទាំងការចំណាយផ្សេងៗ និងស្វែងរកការណែនាំពីសមាជិកគណៈកម្មាធិការតម្រង់ទិស (២) បង្ហាញជូនអំពីផែនការការងារប្រចាំឆ្នាំ និងថវិកាសម្រាប់ឆ្នាំ២០១៥ នៃកម្មវិធី AIP និងទទួលបានការអនុម័ត (៣) ធ្វើបច្ចុប្បន្នភាពលើកិច្ចប្រជុំពិគ្រោះយោបល់ប្រចាំឆ្នាំជាមួយម្ចាស់ជំនួយ។
អង្គប្រជុំបានជម្រាបជូនថា កិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិស នៃកម្មវិធី AIP នេះ គឺជាកិច្ចប្រជុំចុងក្រោយ សម្រាប់កម្មវិធី AIP និងបានបង្ហាញអំពីសកម្មភាព លទ្ធផលដែលសម្រេចបាន បញ្ហាប្រឈមមួយចំនួន ប្រភពថវិកាដែលផ្តល់ដោយប្រទេសជប៉ុន ការគាំទ្រថវិកាដោយកម្មវិធី CCAI និង FP សម្រាប់ MRC Council Study និងទទួលបានការណែនាំពីសមាជិកគណៈកម្មាធិការតម្រង់ទិស ដើម្បីឲ្យការអនុវត្តការងារនាពេលបច្ចុប្បន្ន និងពេលខាងមុខប្រកបដោយភាពរលូន៕