Developed by Khmer Focus
សិក្ខា​សា​លា​ថ្នាក់​តំបន់​ចុង​ក្រោយ ដើម្បី​ពិនិត្យ​លើ​សេចក្តី​ព្រាង​ឯក​សារ​គម្រោង​ផែន​ការ​មេ សម្រាប់​ដឹក​ជញ្ជូន​ផ្លូវ​ទឹក ក្នុង​អាង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម (ថ្ងៃទី១៨-​១៩ ខែវិច្ឆិកា ឆ្នាំ២០១៥)

(MRC-NAP)

បាងកក៖ គណៈកម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​សិក្ខា​សា​លា​ថ្នាក់​តំបន់​លើក​ចុង​ក្រោយ ដើម្បី​ពិនិត្យ​លើ​សេចក្តី​ព្រាង​ឯក​សារ​គម្រោង ផែន​ការ​មេ​ដឹក​ជញ្ជូន​ផ្លូវ​ទឹក ក្នុង​អាង​​ទន្លេ​មេ​គង្គ​ភាគ​ខាង​ក្រោម នៅ​ទី​ក្រុង​បាង​កក ប្រទេស​ថៃ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធពី​ប្រទេស​ជា​សមាជិក ជំនាញ​ការ​ជាតិ-​អន្តរ​ជាតិ ដៃ​គូ​អភិវឌ្ឍន៍ មន្ត្រី​លេខា​ធិ​ការ​​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ សរុប​ចំនួន ៥៥រូប។ ដោយ​ឡែក​សមាស​ភាព​ចូល​រួម​ពី​កម្ពុជា​មាន​មន្ត្រី​​តំណាង​ក្រសួង​​សាធារណការ និង​ដឹក​ជញ្ជូន​ ក្រសួង​បរិស្ថាន និង​​អគ្គ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា។

សិក្ខា​សា​លា​នេះ​មាន​គោល​បំណង៖ (១). ពិនិត្យ ផ្តល់​យោបល់ និង​ឯក​ភាព​លើ​សេចក្តី​ព្រាង​​ឯក​សារ​គម្រោង​ ផែន​ការ​មេ (២). ធ្វើ​ចំណាត់​ថ្នាក់​សកម្ម​ភាព​​ជា​​អាទិភាព និង​(៣). ទទួល​ការ​ណែ​នាំ​ពី​ប្រទេស ដើម្បី​បញ្ចប់​​ផែន​ការ​សកម្មភាព។

ការ​សិក្សា​អំពី​គម្រោង​​ផែន​ការ​មេ​ សម្រាប់​​ការ​ដឹក​​ជញ្ជូន​​ផ្លូវ​ទឹក​ក្នុង​អាង​ទន្លេ​មេគង្គ ចាប់​តាំង​​ពី​ខែ​មករា ឆ្នាំ២០១៥ ក្នុង​គោល​បំណង រៀប​ចំ​​កម្ម​វិធី​អភិវឌ្ឍ​រយៈ​ពេល​វែង​ដែល​នឹង​ស្តារ និង​កែ​លំអ​​បណ្តាញ​ដឹក​​ជញ្ជូន​ជាតិ និង​អន្តរ​ជាតិ​​តាម​ដង​ទន្លេ​មេគង្គ នៅ​តាម​បណ្តា​ប្រទេស​ជា​សមាជិក​មេគង្គ។

អង្គ​សិក្ខា​សា​លា​បាន​ពិនិត្យ និង​ឯក​ភាព​ជា​គោល​ការណ៍ លើ​សេចក្តី​ព្រាង​របាយ​​ការណ៍​​គម្រោង ​ផែន​ការ​មេ​ខាង​លើ ដោយ​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​បង្កើត​មជ្ឈ​មណ្ឌល​សម្រប​​សម្រួល​​នាវា​ចរណ៍​ថ្នាក់​​តំបន់ ដែល​នឹង​ត្រូវ​ស្នើ​​សុំ​ការ​ឯក​ភាព​ដោយ​​គណៈ​កម្មាធិការ​រួម ឬ​ក្រុម​ប្រឹក្សា​នៃ​គណៈ​កម្ម​ការ​ទន្លេ​មេគង្គ​ ព្រម​ទាំង​បាន​កំណត់​សកម្ម​ភាព​ជា​អាទិភាព​តាមប្រទេស​រៀងៗ​ខ្លួន។ សេចក្តី​ព្រាង​បញ្ចប់ នឹង​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​ប្រទេស មុន​បំណាច់​ឆ្នាំ២០១៥​​ខាង​មុខ ដើម្បី​ក្រសួង​ស្ថាប័ន​ទទួល​ខុស​​ត្រូវ​​លើ​​ការ​ងារ​នេះ ពិនិត្យ​បន្ថែម និង​ប្រើ​ប្រាស់​ជា​ឯក​សារ​យោង។

បញ្ហាប្រឈម​ចំពោះ​មុខ ដែល​ត្រូវ​អនុវត្ត​ផែន​ការ​ការ​មេ​នេះ គឺ​ការ​ស្វែង​រក​ថវិកា អាច​ជា​​ថវិកា​ពី​​ដៃ​គូ​អភិវឌ្ឍន៍ ថវិកា​បដិភាគ​ពី​រដ្ឋា​ភិបាល​នៃ​ប្រទេស​ជា​សមាជិក​រៀងៗ​ខ្លួន និង​ថវិកា​ពី​​វិស័យ​ឯក​ជន ក្នុង​ដំណាក់​​កាល​អនុវត្ត​វិមជ្ឈការ​មុខ​ងារ​ស្នូល របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ក្រោយ​ឆ្នាំ​២០១៥៕