Developed by Khmer Focus
កិច្ច​ប្រជុំ​ថ្នាក់​តំបន់​លើក​ទី២ ស្តី​ពី ផែន​ការ​ចង្អុល​បង្ហាញ​ថ្នាក់​ជាតិ ឆ្នាំ២០១៦-​២០២០ (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៥)

(MRC-BDP)

បាងកក៖ គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​លើក​ទី២ ស្ដីពី ផែន​ការ​ចង្អុល​បង្ហាញ​ថ្នាក់​ជាតិ នៃ​ប្រទេស​ជា​សមា​ជិក (កម្ពុជា ឡាវ ថៃ និង​វៀតណាម) នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ក្រុម​ការ​ងារ​ទទួល​បន្ទុក​ការ​កសាង​ផែន​ការ​ចង្អុល​បង្ហាញ​ថ្នាក់​ជាតិ នៃ​ប្រទេស​ជា​សមាជិក ព្រម​ទាំង​មន្រ្តី​ការ​ងារ​ទទួល​បន្ទុក​ផែន​ការ នៃ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ សរុប​ចំនួន ៣២ រូប។ មន្ត្រី​ក្រុម​ការ​ងារ​កម្ពុជា​មាន ០៦រូប គឺ​មន្រ្តី​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ០២ រូប មន្រ្តី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ០១ រូប មន្រ្តី​ក្រសួង​ផែន​ការ ០១ រូប និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ០១ រូប រួម​ទាំង​ជំនាញ​ការ​ជាតិ ០១ រូប។

គោល​បំណង​សំខាន់​នៃ​កិច្ច​ប្រជុំ​គឺ ដើម្បី​ចែក​រំលែក និង​ស្វែង​យល់​អំពី​ដំណើរ​ការ​កសាង និង​ការ​សម្រេច​បាន​នូវ​សេចក្តី​ព្រាង​ផែន​ការ​ចង្អុល​បង្ហាញ​ថ្នាក់​ជាតិ ឆ្នាំ​២០១៦-​២០២០ របស់​ប្រទស​ជា​សមាជិក​នីមួយៗ ដែល​ក្នុង​នោះ​មាន​សកម្ម​ភាព​ជាតិ សកម្ម​ភាព​វិមជ្ឈិការ-​មុខ​ងារ​ស្នូល គម្រោង​ជាតិ​ដែល​មាន​ផល​សំខាន់​សម្រាប់​អាង​ទន្លេ និង​គម្រោង​ឆ្លង​ដែនសម្រាប់​អនុវត្ត​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​អាង​ទន្លេ​មេគង្គ BDS ២០១៦-​២០២០ និង​សម្រាប់​រួម​ចំណែក​ដល់​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្រ្ត MRC ២០១៦-​២០២០។

អង្គប្រជុំបាន​ពិភាក្សា​លើ​សក្តា​នុពល​គម្រោង​រួម​គ្នា និង​កំណត់​ជំហាន​ការ​ងារ​លម្អិត​ច្បាស់​លាស់​បន្ទាប់​ទៀត និង​ពិនិត្យ​ពិភាក្សា​អំ​ពី​ប្រព័ន្ធ​ពិនិត្យ​តាម​ដាន និង​វាយ​តម្លៃ​ទូទៅ​សម្រាប់​ផែន​ការ​ចង្អុល​បង្ហាញ​ថ្នាក់​ជាតិ និង​ការ​ឯក​ភាព​ជំហាន​បន្ទាប់​ដែល​ត្រូវ​អនុវត្ត ការ​កំណត់​ពេល​វេលា ការ​គៀង​គរ​ថវិកា និង​តម្រូវ​ការ​បច្ចេក​ទេស​គាំទ្រ​នានា ដើម្បី​បញ្ចប់​ឯក​សារ​ផែន​ការ​ចង្អុល​បង្ហាញ​ថ្នាក់​ជាតិ​របស់​ប្រទស​នីមួយៗ នៅ​ដើម​ឆ្នាំ ២០១៦។ អង្គ​ប្រជុំ​ក៏​បាន​ឯក​ភាព​លើ​សកម្ម​ភាព​ផែន​ការ​អាង​ទន្លេ​មេគង្គ ក្នុង​ការ​ផ្តល់​ថវិកា​សកម្ម​ភាព​ការ​បណ្តុះ​បណ្តាល​ពង្រឹង​ស​មត្ថ​ភាព​ប្រទេស​ជា​សមា​ជិក ក្នុង​ការ​អនុវត្ត និង​សម្រាប់​ការ​ពិនិត្យ តាម​ដាន និង​វាយ​តម្លៃ​ការ​អនុវត្ត​ផែន​ការ​ចង្អុល​បង្ហាញ​ថ្នាក់​ជាតិ​នេះ៕