(MRC-Council)
ភ្នំពេញ៖ ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា គណៈកម្មការទន្លេមេគង្គលើកទី ២២ (22nd MRC Council Meeting) និងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយក្រុមប្រទេសដៃគូអភិវឌ្ឍន៍លើកទី ២០ (20th Development Partner Consultative Group Meeting) នៅសណ្ឋាគារ អ៊ីនធើខនធីណិនថល ភ្នំពេញ។
កិច្ចប្រជុំទាំងពីរនេះដឹកនាំដោយឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលត្រូវវេនជាប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គអណត្តិឆ្នាំ២០១៥-២០១៦។ កិច្ចប្រជុំនេះចូលរួមដោយគណៈប្រតិភូ នៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) ដឹកនាំដោយថ្នាក់រដ្ឋមន្ត្រី នៃក្រសួងធនធានទឹក ក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងបណ្តាក្រុមប្រទេសជាដៃគូអភិវឌ្ឍន៍ អង្គការជាដៃគូសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ប្រទេសដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ៧០នាក់។
កិច្ចប្រជុំប្រចាំឆ្នាំនេះ នឹងធ្វើការពិនិត្យនូវវឌ្ឍនភាព សមិទ្ធិផលការងារ សកម្មភាពជាអាទិភាព និងបញ្ហាប្រឈមនានា ក៏ដូចជាធ្វើការពិភាក្សា ដើម្បីអនុម័តនូវឯកសារយុទ្ធសាស្ត្រសំខាន់ៗចាំបាច់សម្រាប់អនុវត្តកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងសេចក្តីថ្លែងការណ៍របស់កិច្ចប្រជុំកំពូល នៃគណៈកម្មការទន្លេមេគង្គស្តីពី ការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀត ក្នុងអាងទន្លេមេគង្គ ប្រកបដោយនិរន្តរភាព។
កិច្ចប្រជុំទាំងពីរនេះ នឹងធ្វើការពិភាក្សា និងអនុម័តលើបញ្ហាមួយចំនួនដូចជា៖
- ការអនុម័តលើបច្ចុប្បន្នភាព នៃការបង់ថវិកាភាគទាន ពីប្រទេសជាសមាជិក ដល់ MRC
- ការអនុម័តលើបច្ចុប្បន្នភាព នៃឯកសារបទបញ្ជាផ្ទៃក្នុង (Rules of Procedures) របស់គណៈកម្មការរួម និងរបស់ក្រុមប្រឹក្សា នៃគណៈកម្មការទន្លេមេគង្គ
- ការអនុម័តលើរចនាសម្ព័ន្ធថ្មី នៃលេខាធិការដ្ឋាន MRC
- ពិភាក្សា និងអនុម័តឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេ (Basin Development Strategy) ឆ្នាំ២០១៦-២០២០ របស់គណៈកម្មការទន្លេមេគង្គ
- ពិភាក្សា និងអនុម័តឯកសារផែនការយុទ្ធសាស្ត្រ (Strategic Plan) ឆ្នាំ២០១៦-២០២០ របស់គណៈកម្មការទន្លេមេគង្គ
- ពិនិត្យរបាយការណ៍វឌ្ឍនភាព នៃការសិក្សាស្តីពី ការគ្រប់គ្រង និងការអភិវឌ្ឍទន្លេមេគង្គ ប្រកបដោយនិរន្តរភាព ដោយគិតទាំងផលប៉ះពាល់ដោយសារគម្រោងទំនប់វារីអគ្គិសនី លើដងទន្លេមេ នៃទន្លេមេគង្គ
- ពិនិត្យរបាយការណ៍ស្តីពី វឌ្ឍនភាព នៃការអនុវត្តសកម្មភាពវិមជ្ឈការមុខងារស្នូល របស់ MRC
- ពិនិត្យរបាយការណ៍ស្តីពី ស្ថានភាពជំនួយផ្នែកហិរញ្ញវត្ថុ ពីដៃគូអភិវឌ្ឍន៍។
នៅក្នុងកិច្ចប្រជុំនេះផងដែរ មានការប្រារព្វពិធីអបអរសាទរខួបគម្រប់ ២០ឆ្នាំ (១៩៩៥-២០១៥) នៃកិច្ចសហប្រតិបត្តិការមេគង្គ ដោយគិតចាប់តាំងពីឆ្នាំ១៩៩៥ ដែលបង្កើតគណៈកម្មការទន្លេមេគង្គ (Mekong River Commission) ដោយមានការចែកជូននូវទស្សនាវដ្ដីរូបភាពស្តីពី សមិទ្ធិផលក្នុងរយៈពេល ២០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការកន្លងមក៕