(MRC-FP)
ឡាវ៖ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំថ្នាក់តំបន់ស្តីពី គម្រោងគ្រប់គ្រងជលផលឆ្លងដែនក្នុងទន្លេមេគង្គ និងសេកុង រវាងប្រទេសកម្ពុជា និងប្រទេសឡាវ នៅទីក្រុងប៉ាក់សេ ប្រទេសឡាវ ដោយមានការចូលរួមពីសមាជិកក្រុមការងារពីប្រទេសកម្ពុជា និងប្រទេសឡាវ មន្រ្តីជលផលរបស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងជំនាញការធនាគារពិភពលោក សរុបចំនួន ១៧រូប។ ពីកម្ពុជាមានសមាសភាព ០៥រូប ចូលរួម ក្នុងនោះ ០៣រូប ពីរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ០២រូប ពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលមានលោក សុខ ខុម មន្ត្រីសម្របសម្រួលថ្នាក់ជាតិនៃកម្មវិធីជលផល និងលោក សួរ សិទ្ធី ជំនាញការថ្នាក់ជាតិសម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ។
គោលបំណងសំខាន់នៃកិច្ចប្រជុំគឺ ដើម្បីបង្ហាញអំពីវឌ្ឍភាពនៃការអនុវត្តគម្រោងក្នុងទន្លេមេគង្គ និងទន្លេសេកុង និងរបាយការណ៍ស្តីពី ការកំណត់បញ្ហាជលផលក្នុងកំរិតថ្នាក់ជាតិរបស់ក្រុមការងារនៃប្រទេសកម្ពុជា និងប្រទេសឡាវ ពិភាក្សាលើការកំណត់បញ្ហារួម និងជាអាទិភាព និងឯកភាពលើបញ្ហាជាអទិភាពដែលបានកំណត់។
ជាលទ្ធផលអង្គប្រជុំបានកត់ត្រា និងពិភាក្សាលើរបាយការណ៍ស្តីពី ការកំណត់បញ្ហាជលផលក្នុងកំរិតថ្នាក់ជាតិរបស់ប្រទេសទាំងពីរ។ អង្គប្រជុំបានឯកភាពយកបញ្ហាចំនួន១៩ សម្រាប់រៀបចំរបាយការណ៍រួម (Join Issue Paper) ក្នុងនោះមានបញ្ហាពាក់ព័ន្ធការអនុវត្តច្បាប់ និងការប៉ះពាល់ពីការអភិវឌ្ឍ គ្រោះធម្មជាតិ និងបរិស្ថាន។ ម្យ៉ាងទៀត អង្គប្រជុំក៏បានឯកភាពយកប្រភេទត្រី ចំនួន៨ ប្រភេទ ដែលមានការផ្លាស់ទីឆ្ងាយ និងមានតម្លៃសេដ្ឋកិច្ច។ ការពង្រឹងសមត្ថភាពយល់ដឹងតាមការផ្លាស់ប្តូរ និងទទួលទិន្នន័យ និងព័ត៌មានជលផល ក៏លើកយកមកសម្រាប់ដាក់ក្នុងផែនការរួមដែរ៕