Developed by Khmer Focus
ពិធី​បើក​កិច្ច​ប្រជុំ​ជា​មួយ​ក្រុម​ការ​ងារ​បេសក​កម្ម​ធនា​គារ​ពិភពលោក គាំ​ទ្រ​ការ​អនុវត្ត​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​ទន្លេ​មេគង្គ​កម្ពុជា (ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០១៦)

ភ្នំពេញ៖ នៅ​សាល​ប្រជុំ​នៃ​ការិយា​ល័យ ធនា​គារ​ពិភព​លោក ប្រចាំ​រាជ​ធានី​ភ្នំពេញ ឯកឧត្តម វ់ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​មន្ត្រី​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា មន្រ្តី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​មន្រ្តី​រដ្ឋបាល​ជលផល បាន​ចូល​រួម​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ជា​មួយ ក្រុម​ការ​ងារ​បេសក​កម្ម ធនា​គារ​ពិភព​លោក គាំទ្រ​ការ​អនុវត្ត​គម្រោង គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​ទន្លេ​មេគង្គ​កម្ពុជា ដែល​ថ្មីៗ​នេះ​កាល​ពី​ថ្ងៃ​ទី០៩ ខែមិថុនា ឆ្នាំ២០១៦ មាន​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​រវាង រាជ​រដ្ឋាភិបាល​កម្ពុជា និង​ធនា​គារ​ពិភព​លោក នៅ​ទី​ស្តី​ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ពិភាក្សា​លើ​របៀប​វារៈ​សម្រាប់​កិច្ច​ប្រជុំ ការ​បង្កើត​ក្រុម​ការ​ងារ ក្រុម​បច្ចេក​ទេស និង​ការ​អនុវត្ត​ក្រប​ខ័ណ្ឌ​ការ​ងារ សម្រាប់​បរិស្ថាន និង​សង្គម សម្រាប់​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​ទន្លេ​មេគង្គ។ មានមន្រ្តីចូលរួមចំនួន​១៧រូប ជាតំណាងក្រុមការងារស្ថាប័នជាតិ និងការិយាល័យធនាគារពិភពលោកក្រុងភ្នំពេញ និងក្រុងបាងកក។

កិច្ចប្រជុំនឹងបន្តមានរយៈពេល ០៣ថ្ងៃ ១៤-១៥-១៦ ខែមិថុនា ឆ្នាំ២០១៦ នៅ​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ដែលនឹងពិភាក្សាអំពីកិច្ចការបច្ចេកទេសបន្ត សម្រាប់​ដំណើរ​ការ​ត្រៀមអនុវត្តន៍គម្រោង ក្នុងនោះរួមមាន៖

  • ការពិភាក្សាអំពីពេលវេលាសម្រាប់ចាប់ផ្តើមគម្រោង ដែលនឹងមានសិក្ខាសាលា នាសប្តាហ៍ទី១ ខែកញ្ញា ឆ្នាំ២០១៦
  • ការពិភាក្សា និងបញ្ចប់ឯកសារណែនាំការប្រតិបត្តិគម្រោង
  • ការរៀបចំលក្ខខណ្ឌការងារសម្រាប់ជំនាញការលទ្ធកម្ម និងគ្រប់គ្រងហិរញ្ញវត្ថុ
  • ការរៀបចំលក្ខខណ្ឌការងារ និងកិច្ចការជ្រើសរើសជំនាញការជាតិ-អន្តរជាតិ​អនុវត្តន៍​គម្រោង
  • ការរៀបចំកិច្ចសន្យាសម្រាប់លទ្ធកម្មសំភារៈគម្រោង
  • ការរៀបចំកិច្ចការគ្រប់គ្រងហិរញ្ញវត្ថុ ផែនការថវិកាប្រចាំឆ្នាំ និងការរៀបចំសំណើប្រើប្រាស់ថវិកាគម្រោង៕