ភ្នំពេញ៖ អង្គការអភិរក្សអន្តរជាតិ (Conservation International-CI ) និងអង្គការ IUCN បានសហការរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ស្តីពី សូចនាករនៃសុខភាពទឹកសាប សម្រាប់តំបន់ទន្លេសេកុង-សេសាន-ស្រែពក ដែលមានការអញ្ជើញចូលរួមពីមន្រ្តីជំនាញ ០៣ប្រទេស កម្ពុជា ឡាវ និងវៀតណាម មន្រ្តីជំនាញអង្គការ WWF អង្គការ CI និងអង្គការ IUCN សរុបចំនួន ២២រូប។ មន្រ្តីកម្ពុជារួមមាន តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង បានអញ្ជើញចូលរួម។
អង្គការ CI ដឹកនាំអនុវត្តន៍សកម្មភាពគម្រោង សម្រាប់ប្រទេសក្នុងតំបន់មេគង្គខាងក្រោម ដែលមានទីតាំងក្នុងប្រទេសកម្ពុជា រួមមានទីតាំងទន្លេសាប និងទីតាំងទន្លេរួម ដែលមានប្រទេស ៣ពាក់ព័ន្ធ កម្ពុជា-ឡាវ សម្រាប់ទន្លេសេកុង និងកម្ពុជា-វៀតណាម សម្រាប់ទន្លេសេសាន-ស្រែពក និងនៅប្រទេសចិននៅហុងកុង ទន្លេ Dong Jiang សម្រាប់សាកល្បងសកម្មភាពគម្រោងសិក្សាស្តីពី សូចនាករសុខភាពទឹកសាប ក្នុងគោលបំណងដើម្បីកសាងមូលដ្ឋានចំណេះដឹងបច្ចេកទេស វិទ្យាសាស្រ្ត កសាងសូចនាករសុខភាពទឺកសាប កសាងប្រព័ន្ធគ្រប់គ្រង និងការពារមុខងារសេវាកម្ម និងថាមពលនៃប្រព័ន្ធអេកូឡូស៊ីទឹកធម្មជាតិ និងកសាងសេណារីយ៉ូ សម្រាប់វាយតម្លៃបម្រែបម្រួលស្ថានភាពសុខភាពទឹកសាបនាអនាគត។
សិក្ខាសាលាបានប្រព្រឹត្តទៅដោយបានស្តាប់បទឧទ្ទេសនាម និងបានពិភាក្សាយ៉ាងក្បោះក្បាយជុំវិញប្រធានបទ៖
- ការកំណត់អ្នកពាក់ព័ន្ធសម្រាប់សេវាកម្មប្រព័ន្ធអេកូឡូស៊ីទន្លេ
- ការកំណត់សូចនាករទាក់ទងនឹងមុខងារសេវាកម្ម និងថាមពលនៃប្រព័ន្ធអេអូឡូស៊ីទឹកសាប
- ការកំណត់កត្តាដែលមានឥទ្ធិពលលើមុខងារសេវាកម្មនៃប្រព័ន្ធអេកូឡូស៊ី
- ការកំណត់ទិន្នន័យ និងព័ត៌មានវិទ្យាសាស្រ្តសម្រាប់បង្កើតសន្ទស្សន៍សុខភាពទឹកសាប
- អភិបាលកិច្ចលើការគ្រប់គ្រង រួមមានក្របខ័ណ្ឌការងារ ច្បាប់ និងស្ថាប័នដែលមានស្រាប់សម្រាប់ចូលរួមសម្របសម្រួល អនុវត្តន៍ និងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអប់រំ អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ដែលគាំទ្រ
- ការកំណត់ស្ថាប័នអន្តរជាតិ និងពិនិត្យលើការងារដែលពាក់ព័ន្ធនឹងគម្រោង។
លទ្ធផលនៃសិក្ខាសាលា រួមមាន៖
- មន្រ្តីចូលរួមនៃប្រទេសទាំង៣ បានស្វែងយល់គំនិត ទស្សនៈវិទ្យាសាស្រ្តជុំវិញខ្លឹមសារនៃការកសាងសូចនាករសម្រាប់សុខភាពទឹកសាប
- បានពិនិត្យរួមលើមូលដ្ឋានព័ត៌មាន និងចំណេះដឹងដែលមានស្រាប់តាមរយៈការសិក្សាស្រាវជ្រាវរបស់ប្រទេសស្ថាប័នជាតិ តំបន់ (MRC GMS) និងអន្តរជាតិ (IUCN WWF)
- បានឯកភាពខ្លឹមសារ និងទំហំសូចនាករដែលបានពិភាក្សា-ឯកភាពកំណត់រួមគ្នា ដោយស្នើក្រុមជំនាញការអន្តរជាតិយកទៅពិចារណាសំយោគជាគោលគំនិត និងការបបស្រាយ
- បានឯកភាពបន្តសកម្មភាពដែលនឹងមានការពិភាក្សា ពិគ្រោះយោបល់ជាមួយក្រុមការងារបច្ចេកទេស និងការពិភាក្សាថ្នាក់ជាតិ ថ្នាក់តំបន់លើបណ្តាសូចនាករ ដំណើរការកសាងសេណារីយ៉ូ និងប្រព័ន្ធគ្រប់គ្រង និងវាយតម្លៃសូចនាករទឹកសាប។
សិក្ខាសាលាបានវាយតម្លៃអំពីសារៈសំខាន់នៃគម្រោងសិក្សា ដែលនឹងផ្តល់បច្ច័យសម្រាប់ស្ថាប័នពាក់ពាក់ព័ន្ធរបស់រដ្ឋាភិបាល ដែលនឹងប្រើប្រាស់ជាបច្ច័យគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យពាក់ព័ន្ធ ជាពិសសេសការគ្រប់គ្រងធនធានទឹកកាន់តែមានប្រសិទ្ធភាព ក្នុងតំបន់ទន្លេមេគង្គ។ សិក្ខាសាលាក៏បានកំណត់ពីតួនាទីនៃស្ថាប័ន្ធសម្របសម្រួលរួមមាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដែលបានគាំទ្រសកម្មភាពសម្របសម្រួល និងដឹកនាំជម្រុញការសិក្សានេះ ដ៏មានប្រសិទ្ធភាព៕