Developed by Khmer Focus
សិក្ខាសាលាស្តីពីការស្វែងយល់អំពីប្រតិបត្តិការទំនប់វារីអគ្គិសនីសេសានក្រោម២ និងការគ្រប់គ្រងអាងទន្លេ សុវត្ថិភាពទឹក (ថ្ងៃទី ២៧-២៩ ខែមករា ឆ្នាំ២០២១)

ស្ទឹងត្រែង៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា និងជានាយកគម្រោងគ្រប់គ្រងធនធាន​ទឹកចម្រុះមេគង្គ តំណាក់កាលទី៣ បានចូលរួមជា​អធិបតី និងដឹកនាំសិក្ខាសាលាស្ដីពី ការស្វែងយល់អំពីប្រតិបត្តិការទំនប់វារីអគ្គិសនីសេសានក្រោម២ និងការគ្រប់គ្រងអាងទន្លេ សុវត្ថិ​ភាពទឹក ផ្អែកតាមគោលការណ៍គ្រប់គ្រងធនធានទឹកចម្រុះ និងការពង្រឹងកិច្ចសហប្រតិបត្តិការទឹកឆ្លងដែន ជាមួយប្រទេសវៀតណាម ដែលមានការចូលរួមជាកិត្តិយសដោយ ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរង ខេត្តស្តឹងត្រែង និងលោក Zeng Xiang តំណាងវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រទន្លេឆាងជាំង និងជាប្រធានវិស្វករនៃនាយកដ្ឋានអភិរក្សទឹកកសិកម្ម តាមរយៈ Video Conference ដោយមានការចូលរួមពីលោក Li Mengsen នាយករងទំនប់វារីអគ្គិសនីសេសានក្រោម២  មន្ត្រីជំនាញពាក់ព័ន្ធ មកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គិសនីកម្ពុជា  ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង  មន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រុមការងារគម្រោងសមាសភាគទី២ និងជំនាញការក្រុមទីប្រឹក្សា បច្ចេកទេសក្រុមហ៊ុន DHI នៃប្រទេសដាណាម៉ាក ក្នុងស្រុក។

សិក្ខាសាលាប្រព្រឹត្តិឡើងក្នុងគោលបំណងសំខាន់ ទី១- ជាការអនុវត្តកិច្ចការរបស់គម្រោង ដែលពិចារណាអំពីការងារគ្រប់គ្រង ការអភិវឌ្ឍធនធានទឹក និងអាងទន្លេ ផ្តោតសំខាន់លើបញ្ហាប្រឈមជួបប្រទះ ក្នុងការគ្រប់គ្រងអាងទន្លេ គ្រប់គ្រងទឹក ដូចជា៖ ស្ថានភាពធារទឹក រំហូរទឹកចំពោះសំណង់ហេដ្ឋារចនាសម្ព័ន្ធទំនប់ ការប្រែប្រួលទឹកពីតំបន់ខ្សែទឹកខាងលើ ផលប៉ះពាល់ចំពោះទឹកក្នុងអាងទន្លេ និងតម្រូវការបែបណាដែលត្រូវយកទៅពិភាក្សាជាមួយប្រទេសនៅខាងលើ ជាពិសេសជាមួយប្រទេសវៀតណាម និងទី២- ណែនាំអំពីប្រធានបទសំខាន់តាមការស្នើសុំរបស់វិទ្យាស្ថានស្រាវជ្រាវ វិទ្យាសាស្ត្រទន្លេឆាងជាំង នៃប្រទេសចិន ដែលជួយបង្ហាញការសិក្សាលើសុវត្ថិភាពទឹក ការប្រើប្រាស់ទឹកទន្លេរបស់ប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យទន្លេ និងផលប៉ះពាល់បែបណាអំពីសំណង់ទំនប់ ហើយនឹងមានបំណងដោះស្រាយដូចម្តេច ដើម្បីការរស់នៅ ការអាស្រ័យផលប្រយោជន៍ពីទន្លេរបស់ប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង។

អង្គសិក្ខាសាលាដែលមានរយៈពេល៣ថ្ងៃនេះ  នឹងផ្តល់ការស្វែងយល់បន្ថែម នូវមូលដ្ឋានចំណេះដឹង និងព័ត៌មានបែបវិទ្យាសាស្ត្រ ពីវាគ្មិនជំនាញសំខាន់ៗលើការងារគ្រប់គ្រង ការអភិវឌ្ឍធនធានទឹកក្នុងអាងទន្លេ  ជាពិសេសសំណង់ហេដ្ឋារចនាសម្ព័ន្ធទំនប់វារីអគ្គិសនី និងទទួលយកសំណូមពរពីភាគីពាក់ព័ន្ធ ដើម្បីជួយរិះរកដំណោះស្រាយផ្តល់នូវកាលានុវឌ្ឍនានា ក្នុងការអភិវឌ្ឍទ្រទ្រង់សេដ្ឋកិច្ចជាតិ និងសុវត្ថិភាពរស់នៅរបស់ប្រជាពលរដ្ឋ សហគមន៍ ក្នុងតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២។​ សិក្ខាកាមក៏បានចុះទៅទស្សនកិច្ចទីតាំងគម្រោងវារីអគ្គិសនីសេសានក្រោម២ ដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធទំនប់៕