Developed by Khmer Focus
ការចាប់ផ្ដើមដំណើរការលើកទី២ នៃកម្មវិធីចែករំលែកចំណេះដឹងរួមគ្នា សម្រាប់ឆ្នាំ២០២០-២០២១ (ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​មន្ត្រី​តំណាង​មក​ពី​ក្រសួង​ធន​ធាន​ទឹក និងឧតុនិយម និងអគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការជាតិទន្លេមេគង្កកម្ពុជា ចូលរួម​ការចាប់ផ្ដើមដំណើរការលើកទី២ នៃកម្មវិធីចែករំលែកចំណេះដឹងរួមគ្នា (MRC-KDI) សម្រាប់ឆ្នាំ​២០២០-​២០២១ តាមរយៈ Video Conference ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ វិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ និងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

កម្មវិធីចែករំលែកចំណេះដឹងរួមគ្នា (MRC-KDI) លើកទី១ បានចាប់ផ្ដើមនៅឆ្នាំ២០១៧ ដោយបានផ្ដល់នូវការយល់ដឹងទូលំទូលាយកាន់តែប្រសើរឡើង ក្នុងការកសាងផែនការអាងទន្លេ ការគ្រប់គ្រង និងការអភិវឌ្ឍវារីអគ្គិសនី ដែលអាចផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន កាន់តែប្រសើរ។

ការចាប់ផ្ដើមដំណើរការកម្មវិធីចែករំលែកចំណេះដឹងរួមគ្នា (MRC-KDI) លើកទី២ ថ្ងៃនេះ គឺដើម្បីលើកកម្ពស់ការគ្រប់គ្រង ការពិនិត្យតាមដាន និងការព្យាករទឹកជំនន់ និងភាពរាំងស្ងួត ហើយធ្វើការផ្សព្វផ្សាយព័ត៌មាន និងបទពិសោធន៍ សម្រាប់ការអភិវឌ្ឍ និងការព្យាករ (Hydro-Climate)។ ការអនុវត្តជាក់ស្ដែងនៃភាពរាំងស្ងួត និងការឆ្លើយតបនូវភាពរាំងស្ងួត និងវិធីសាស្ត្រដ៏មានប្រសិទ្ធភាពសម្រាប់ការព្យាករទឹកជំនន់ និងការប្រកាសអាសន្ន ដោយប្រើ AI និង Big Data។