Developed by Khmer Focus
កិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីកែសម្រួលបញ្ជីចំណុចដៅ សូចនាករ និងតម្លៃចំណុចដៅសូចនាករតាមឆ្នាំនីមួយៗ (ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងលោក សួស ប៊ុនថន ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ដែលដឹកនាំដោយ ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការ ក្រសួងផែនការ និងមានមន្រ្តីមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួម។

គោលបំណងសំខាន់គឺ ដើម្បីពិនិត្យ ពិភាក្សា កែសម្រួលឯកសារ គោលដៅ ចំណុចដៅ និងការកំណត់និយមន័យ សូចនាករ និងតម្លៃសូចនាករតាមឆ្នាំនីមួយៗ របស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក) ២០១៦-២០៣០ សម្រាប់វិស័យពាក់ព័ន្ធ ដែលកំណែប្រែអាចផ្អែកលើផលប៉ះពាល់នៃការរីករាលដាលនៃមេរោគកូវីដ-១៩។ កិច្ចប្រជុំ បានស្វែងយល់កាន់តែប្រសើរឡើងអំពីការចូលរួមរបស់ក្រសួងស្ថាប័ន ក្នុងការពិនិត្យពិចារណាឡើងវិញលើ សំណើ ដកចេញ និងដាក់បញ្ចូលធាតុចូល តាមសូចនាកររបស់ខ្លួន ដើម្បីបញ្ជូនត្រឡប់ទៅក្រសួងផែនការ ត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

ឯកឧត្តម វ៉ាត់ បុត្តកុសល បានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំណែនាំ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម បានឯកភាព មានធាតុចូលនៃសូចនាករទាំងពីរ គោលដៅ ៦ ចំណុចដៅ ៦.៥ សូចនាករ ៦.៥.១ ពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹកចម្រុះ ទទួលបន្ទុកដោយក្រសួងធនធានទឹក និងឧតុនិយម និងសូចនាករ ៦.៥.២ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទឹក និងអាងទន្លេឆ្លងដែន ទទួលបន្ទុកដោយ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងបានសហការសិក្សា និងរៀបចំរបាយការណ៍ និងបានបញ្ជូនរបាយការទៅអង្គការសហប្រជាជាតិផ្នែក UNESCO និង UNECE កាលពីឆ្នាំ២០២០ សម្រាប់ឆ្នាំ២០១៩ និងឆ្នាំ២០២១ សម្រាប់ឆ្នាំ ២០២០ ចំណែកធាតុចូលសម្រាប់រាជរដ្ឋាភិបាល នឹងបញ្ជូនទៅក្រសួងផែនការ តាមពេលកំណត់។

អង្គប្រជុំបានជម្រាបជូនអំពីកិច្ចប្រជុំកម្រិតនយោបាយ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។