Developed by Khmer Focus
កិច្ចពិភាក្សាស្តីពីការអភិវឌ្ឍ និងអភិរក្សអាងទន្លេមេគង្គប្រកបដោយចីរភាព (ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការ​រង និង​លោកសុខ ខុម ប្រធាននាយកដ្ឋានបណ្ដា​គម្រោង និងកម្មវិធី នៃគណៈកម្មាធិការជាតិទន្លេ​មេគង្គកម្ពុជា បានធ្វើជាវាគ្មិន និងចូលរួមកិច្ចពិភាក្សាស្តីពី ការអភិវឌ្ឍ និងអភិរក្សអាងទន្លេមេគង្គប្រកបដោយចីរភាព ដែលរៀបចំដោយវេទិការអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ។

កិច្ចពិភាក្សាមានគោលបំណងផ្តល់ឱកាសដល់សាធារណជន សហគមន៍ និងសង្គមស៊ីវិលយល់ដឹងអំពីបរិបទទាំងមូលនៃការអភិវឌ្ឍ និងអភិរក្សក្នុងអាងទន្លេមេគង្គប្រកបដោយចីរភាព និងចូលរួមផ្តល់ព័ត៌មាន និងទស្សនវិស័យសម្រាប់ការអភិវឌ្ឍ និងអភិរក្សអាងទន្លេមេគង្គប្រកបដោយចីរភាព។

កិច្ចពិភាក្សាបានផ្តល់ឱកាសដល់វាគ្មិន តំណាងសហគមន៍ គម្រោងយុវទូត អង្គការអុកស្វាម គ្រឹះស្ថានឧត្តមសិក្សា និងគណៈកម្មាធិការជាតិទន្លេគង្គកម្ពុជា ជម្រាបអំពីការងារដែលពាក់ព័ន្ធការទន្លេមេគង្គ ដែលស្ថាប័នខ្លួនកំពុងធ្វើ និងការយល់ឃើញយន្តការនានាដែលគាំទ្រការអភិវឌ្ឍ និងអភិរក្សទន្លេមេគង្គ។

ជារួមកិច្ចពិភាក្សាបានយល់ស្របគ្នាអំពីការអភិវឌ្ឍ និងការអភិរក្ស ក្នុងអាងទន្លេមេគង្គ គឺការចូលរួមទាំងអស់គ្នាគ្រប់ភាគីក្នុងកម្រិតតំបន់ ជាតិ និងមូលដ្ឋាន ហើយការទំនាក់ទំនងគ្នា និងការចែករំលែកព័ត៌មាន និងបង្កើនការយល់ដឹង គឺជាកក្តាសំខាន់ដែលឈានទៅរកការសម្រេចបាននូវសមភាពនៃជ្រុងទាំងបី បរិស្ថាន សង្គម និងសេដ្ឋកិច្ច ក្នុងអាងទន្លេមេគង្គ។ តាមរយៈយន្តការ MRC បាននិងកំពុងលើកកម្ពស់កិច្ចសហការ ការចូលរួម ការយល់ដឹង និងការចែករំលែកទិន្នន័យ និងព័ត៌មាន ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ៕