Developed by Khmer Focus
កិច្ចពិភាក្សាស្តីពី ការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សាស្តីពី ការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" របស់ប្រទេសចិន នៅប្រទេសតាមដងទន្លេមេគង្គ  ដែលរៀបចំដោយសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា។

កិច្ចពិភាក្សានេះចូលរួមដោយលោកឧកញ៉ាប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន ឯកឧត្តមប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងឯកឧត្តមតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រសួងបរិស្ថាន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានថ្លែងសន្ទរកថាជម្រាបជូនអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិក្នុងតំបន់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ ដែលកម្ពុជាមានក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គ និងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

ជារួមកិច្ចពិភាក្សាបានវាយតម្លៃខ្ពស់លើភាពវិជ្ជមាន នៃគម្រោងវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ៕