Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់សម្រាប់សន្និសីទកំពូលលើកទី២៧ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២)

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព បាន​ដំណើរការកិច្ចប្រជុំពិគ្រោះយោបល់អន្តរក្រសួង ស្ថាប័ន របស់ខ្លួន ដើម្បីពិនិត្យ និងពិភាក្សាលើ (១) សេចក្តីព្រាងជំហររបស់កម្ពុជា សម្រាប់​សន្និសីទកំពូលបណ្តាភាគីលើកទី២៧ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (CoP-27) និងកិច្ចប្រជុំថ្នាក់​ដឹកនាំជាន់ខ្ពស់នៃសន្និសីទលើកទី១៥ វគ្គទី២ (CoPCBD-15) នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ និង (២) វឌ្ឍនភាពការងារការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុ (Access and Benefit Sharing “ABS”) ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នជាសមាជិក និងមន្រ្តីជំនាញពាក់ព័ន្ធនៃក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព។ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ត្រូវបានចាត់តាំងឱ្យចូលរួមកិច្ចប្រជុំនេះ។

គោលបំណងនៃកិច្ចប្រជុំគឺ ពិនិត្យ ពិភាក្សា និងផ្តល់យោបល់ ដើម្បីកែលម្អខ្លឹមសារនៃសេចក្តីព្រាងឯកសារ (១) សេចក្តីព្រាងជំហររបស់កម្ពុជាសម្រាប់សន្និសីទកំពូលបណ្តាភាគីលើកទី២៧ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (CoP-27) និងកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់នៃសន្និសីទលើកទី១៥ វគ្គទី២ (CoPCBD-15) នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ និង (២) វឌ្ឍនភាពការងារការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុ (Access and Benefit Sharing “ABS”) ហើយមតិយោបល់ និងអនុសាសន៍ទទួលបានពីអង្គប្រជុំ នឹងត្រូវបានយកទៅគិតគូ ពិចារណាជាមូលដ្ឋាន ដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដើម្បីកែលម្អឯកសារទាំងនេះ៕