Developed by Khmer Focus
សិក្ខាសាលាត្រួតពិនិត្យលទ្ធផលការងារអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ (ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២)

ភ្នំពេញ៖ អគ្គនាយកដ្ឋានគោលនយោបាយ និង​យុទ្ធសាស្ត្រ​នៃក្រសួងបរិស្ថាន បានដំណើរការសិក្ខា​សាលា​ត្រួតពិនិត្យ​លទ្ធផលការងារ អគ្គនាយកដ្ឋាន​គោលនយោបាយ និងយុទ្ធសាស្ត្រ ឆ្នាំ២០២២ និង​ទិសដៅការងារឆ្នាំ២០២៣ ក្រោម​អធិបតីភាពឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ នៃក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ១១ស្ថាប័ន គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខសាធារណៈ ក្រសួងការពារជាតិ ក្រសួងយុត្ដិធម៌ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្រសួងដែនដីនគរូបនីកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ក្រសួងធម្មការ និងសាសនា និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងស្ថាប័នអង្គការមិនមែនរដ្ឋាភិបាលចំនួន ៥ស្ថាប័ន គឺ WB, WCS, CI, UNIDO, និង FFI។ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ត្រូវបានចាត់តាំងឱ្យចូលរួមសិក្ខាសាលានេះ។

គោលបំណងនៃសិក្ខាសាលាគឺពិនិត្យ និងបូកសរុបលទ្ធផល និងសមិទ្ធិផលសម្រេចបានក្នុងឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ចែករំលែកបទពិសោធន៍នៃការអនុវត្តការងារនាពេលកន្លងមក និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៣។

អង្គសិក្ខាសាលាបានស្តាប់ ពិនិត្យ ពិភាក្សា និងផ្តល់ជាអនុសាសន៍លើរបាយការណ៍លទ្ធផល និងសមិទ្ធិផលសម្រេចបានក្នុងឆ្នាំ២០២២ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់អង្គភាពចំណុះតាមវិស័យមានជាអាទិ៍ ការអភិរក្សជីវចម្រុះ និងជីវៈសុវត្ថិភាព ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា៕