ភ្នំពេញ៖ តបតាមលិខិតអញ្ជើញរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ត្រូវបានចាត់ឱ្យចូលរួមសិក្ខាសាលាស្តីពី ការធ្វើផែនការគម្រោងហេដ្ឋារចនាសម័្ពន្ធ និងការកំណត់អាទិភាព ក្រោមយន្តការ Ayeyarwady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS) ដែលរៀបចំឡើងតាមរយៈ Video-Conference។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងដល់មន្ត្រីនៃប្រទេសជាសមាជិក ACMECS លើការងាររៀបចំផែនការ និងកំណត់អាទិភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដោយពិនិត្យមើលលើគោលការណ៍នានា និងផលប្រយោជន៍នៃការអភិវឌ្ឍ បញ្ជីរគម្រោងហេដ្ឋារចនាសម្ព័ន្ធសម្រាប់លទ្ធភាពវិនិយោគនៅពេលខាងមុខ ដើម្បីបំពេញកង្វះខាតផ្នែកវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។ សិក្ខាសាលានេះ បានជម្រាបជូនផងដែរអំពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងនាមជាដៃគូអភិវឌ្ឍន៍ក្នុងការសហការជាមួយបណ្តាប្រទេសជាសមាជិក ACMECS លើការទ្រទ្រង់គុណភាពហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងការស្តារឡើងវិញលើផលប៉ះពាល់ដោយកូវីដ១៩។ សិក្ខាសាលានេះមានអ្នកចូលរួមពីក្នុងតំបន់ និងអូស្ត្រាលី៕