ពិធីអបអរសាទរខួបឆ្នាំទី ២០ នៃកិច្ចសហប្រតិបត្តិការមេគង្គ ១៩៩៥-២០១៥ (ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦)
(MRC-Council)
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារ អ៊ីនធើខនធីណិនថល ភ្នំពេញ បានប្រារព្វពិធីអបអរសាទរខួបឆ្នាំទី២០ នៃកិច្ចសហប្រតិបត្តិការមេគង្គ (១៩៩៥-២០១៥) ដោយគិតចាប់ពីឆ្នាំបង្កើតគណៈកម្មការទន្លេមេគង្គ (Mekong River Commission) ដោយកិច្ចព្រមព្រៀងមេគង្គ (Mekong Agreement) ដែលបានចុះហត្ថលេខាដោយប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម នៅទីក្រុងឈៀងរ៉ៃ ប្រទេសថៃ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៥ ស្តីអំពី កិច្ចសហប្រតិបត្តិការក្នុងតំបន់ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃអាងទន្លេមេគង្គ។ ពិធីនេះបានប្រារព្វធ្វើឡើង នៅក្នុងអំឡុងនៃកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ លើកទី២២ និងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយក្រុមប្រទេសដៃគូអភិវឌ្ឍន៍ លើកទី២០ ដោយបានឆ្លុះបញ្ចាំងអំពីការវិវត្ត និងភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្នុងនាមជាប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (Chairman of MRC Council) បានថ្លែងថា “ពេលវេលាបានកន្លងផុតទៅយ៉ាងឆាប់រហ័ស ហើយប្រសិនបើយើងមើលត្រឡប់ក្រោយវិញ នៅពេលដែលគណៈកម្មការទន្លេមេគង្គត្រូវបានបង្កើតឡើងនោះ វាជាការលំបាកក្នុងការជឿថា យើងបានធ្វើដំណើរយ៉ាងឆ្ងាយទៅតាមគន្លងនៃការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក និងធនធានដែលពាក់ព័ន្ធដទៃទៀត នៃអាងទន្លេមេគង្គ ដែលបានផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដល់បណ្តាប្រទេសក្នុងតំបន់មេគង្គក្រោម និងប្រជាជនរបស់ខ្លួន"។
រយៈពេលជាងពីរទសវត្សកន្លងមកនេះ ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ ដោយមានជំនួយហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ បានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជាមួយប្រទេសចិន និងមីយ៉ាន់ម៉ា រួមទាំងការពង្រឹងចំណងទាក់ទង និងកិច្ចសហការជាមួយអង្គការអាងទន្លេដទៃទៀត។ ក្រោមកិច្ចសហប្រតិបត្តិការនេះ ប្រទេសទាំងបួនដែលស្ថិតនៅអាងទន្លេមេគង្គក្រោម សម្រេចបានជោគជ័យថ្នាក់តំបន់គួរឱ្យកត់សម្គាល់ដូចជា ការព្យាករណ៍ទឹកជំនន់ ការត្រួតពិនិត្យជលផល ការលើកកម្ពស់សេរីភាព នៃការធ្វើនាវាចរ ការត្រួតពិនិត្យ និងវាយតម្លៃគុណភាពទឹក និងការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ។ សមិត្ធិផលធំបំផុតគឺ ការបង្កើតឡើងនូវនីតិវិធីចំនួន៥ សម្រាប់ការប្រើប្រាស់ទឹក គិតចាប់តាំងពីឆ្នាំ២០០១។ ដែលនេះគឺជាលើកដំបូងហើយ ដែលប្រទេសស្ថិតនៅតំបន់ទន្លេមេគង្គក្រោម មានច្បាប់គ្របដណ្ដប់លើការផ្លាស់ប្តូរព័ត៌មាន ការត្រួតពិនិត្យការប្រើប្រាស់ទឹក និងការពិគ្រោះយោបល់គ្នា លើការប្រើប្រាស់ទឹកទន្លេមេគង្គ ការរក្សាលំហូរទឹក និងគុណភាពទឹក។
បញ្ហាទឹក និងបញ្ហាដែលពាក់ព័ន្ធដទៃទៀត បានក្លាយជារបៀបវារៈនយោបាយកំពូល របស់នាយករដ្ឋមន្ត្រី នៃប្រទេសទាំងបួន ហើយដែលឥឡូវនេះបានកំណត់ជាកិច្ចប្រជុំកំពូល (MRC Summit) នៅរៀងរាល់បួនឆ្នាំម្តង៕