កិច្ចប្រជុំរវាងក្រុមជំនាញការអន្តរជាតិ មកពី MRC ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧)
ភ្នំពេញ៖ មន្រ្តីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា រួមមាន ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង លោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង និងលោក សុខ ខុម ប្រធាននាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី បានចូលរួមសម្របសម្រួល និងសហការដឹកនាំកិច្ចប្រជុំរវាងក្រុមជំនាញការអន្តរជាតិ មកពីគណៈកម្មការទន្លេមេគង្គ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំក្រសួង ដោយមានការអញ្ជើញចូលរួម និងដឹកនាំដោយឯកឧត្តម ប្រាក់ ថាវអមិដា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីជំនាញនៃបណ្តានាយកដ្ឋានពាក់ព័ន្ធ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សាលើលទ្ធផលនៃការសិក្សារបស់ក្រុមប្រឹក្សា គណៈកម្មការទន្លេមេគង្គ ដែលពាក់ព័ន្ធនឹងការពិចារណារបស់ក្រសួងជំនាញ ពីលទ្ធផលវាយតម្លៃផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមាននៃការអភិវឌ្ឍផ្តោតសំខាន់ វារីអគ្គិសនី លើវិស័យផ្សេងទៀត។ បន្ទាប់ពីបានស្តាប់បទបង្ហាញ អង្គប្រជុំបានវាយតម្លៃពីសារសំខាន់នៃលទ្ធផលការសិក្សា បានពិភាក្សាស្វែងយល់ផុសផុល និងបានផ្តល់អនុសាសន៍សំខាន់ៗ រួមមាន៖ ការវាយតម្លៃផលប៉ះពាល់ជាវិជ្ជមាន និងអវិជ្ជមាន ពីសេណារីយ៉ូអភិវឌ្ឍន៍វារីអគ្គិសនី លើផលនេសាទ ដីល្បាប់ ការបាត់បង់ដីព្រៃឈើ គួររៀបចំលម្អិតសម្រាប់ប្រទេស និងតំបន់ឆ្លងដែន ព្រមទាំងការកំណត់យុទ្ធសាស្រ្តសម្រាប់ដំណោះស្រាយ។ អង្គប្រជុំ ក៏បាន ស្នើសុំមានការបញ្ជូនលទ្ធផលសិក្សា មកក្រសួងជាផ្លូវការសម្រាប់ការពិចារណា៕