Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការធ្វើបច្ចុប្បន្នភាពឯកសារបទដ្ឋានគតិយុត្តិពាក់ព័ន្ធរបស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី ០១-០២ ខែកុម្ភៈ ឆ្នាំ២០២១)

កំពង់ចាម៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ច​ប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការធ្វើបច្ចុប្បន្ន​ភាពឯកសារបទដ្ឋាន​គតិយុត្តិពាក់ព័ន្ធរបស់គណៈកម្មការទន្លេមេគង្គ (MRC) ដែលមានការចូលរួមពីឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា មន្ត្រីសម្របសម្រួលការងារមេគង្គ និងមន្ត្រីពាក់ព័ន្ធមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរទន្លេសាប។

កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីជម្រាបជូន និងធ្វើការពិនិត្យពិភាក្សាលើប្រធានបទ ឯកសារគតិយុត្តិសំខាន់ចំនួន៤ របស់ MRC ដែលត្រូវធ្វើបច្ចុប្បន្នភាព និងកែសម្រួលឡើងវិញ ឱ្យស្របតាមការវិវត្តរបស់ស្ថាប័នMRC និងអនុលោមតាមឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេឆ្នាំ២០២១-២០៣០ ផែនការយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ និងអនុសាសន៍ ពីដៃគូអភិវឌ្ឍន៍ សម្រាប់សកម្មភាពការងារគ្រប់គ្រង ការពារ និងអភិរក្សអាងទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដោយមានការចូលរួមយ៉ាងសកម្មពីប្រទេសជាសមាជិក និងអ្នកពាក់ព័ន្ធមេគង្គ។ ឯកសារទាំងនោះ រួមមាន៖ ១- បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា គណៈកម្មាធិការរួម និងលេខាធិការដ្ឋាន MRC ២- ក្រុមប្រតិបត្តិ និងការបង្ការបទកេងបន្លំ និងការប្រឆាំងអំពើពុករលួយ ៣- រចនាសម្ព័ន្ធ និងបុគ្គលិករបស់លេខាធិការដ្ឋាន MRC និង៤- ការចូលរួមរបស់អ្នកពាក់ព័ន្ធ។

ជាលទ្ធផល កិច្ចប្រជុំបានពិនិត្យ ពិភាក្សាយ៉ាងផុលផុសជាលំអិតលើឯកសារទាំងបួន និងប្រមូលបានមតិយោបល់ និងអនុសាសន៍ពីអ្នកចូលរួម ដែលជាធាតុចូល សម្រាប់រៀបចំផ្តល់ជូនទៅលេខាធិកដ្ឋាន MRC ធ្វើការបន្ត សម្រាប់រៀបចំដាក់ឆ្លងពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំក្រុមការងារគណៈកម្មាធិការរួម MRC ក្នុងខែមីនា ខាងមុខនេះ៕