កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការណែនាំបឋម សម្រាប់វិធានការកាត់បន្ថយផលប៉ះពាល់ឆ្លងដែន និងបញ្ហាប្រឈម (ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២១)
ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារ មានតំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្ដីពី ការណែនាំបឋម សម្រាប់វិធានការកាត់បន្ថយផលប៉ះពាល់ឆ្លងដែន និងបញ្ហាប្រឈម ដែលកើតមានតាមប្រព័ន្ធធារាសាស្រ្ត ក្នុងអាងទន្លេមេគង្គក្រោម (Act 3.2.1.2) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះរៀបចំដោយលេខាធិការដ្ឋាន MRC ដោយមានប្រទេសជាសមាជិកមេគង្គ ០៤ប្រទេស (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តី MRC និងជំនាញការជប៉ុន។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បី (១) ពិភាក្សាពីសេចក្តីព្រាងណែនាំបឋម (២) បញ្ជាក់ពីទស្សន និងការរៀបចំសកម្មភាព 3.2.1.2 តាម MRC-SP 2021-2025។
អង្គប្រជុំស្នើឱ្យដូរពាក្យពី Transboundary environmental impact ទៅជា Transboundary water resources impact។
អង្គប្រជុំបានស្វែងយល់ពីបទពិសោធន៍ដែលជំនាញការជប៉ុនបានបង្ហាញ និងស្នើឱ្យជំនាញការ Share នូវបញ្ហាប្រឈមនានា ដែលកើតមានតាមប្រព័ន្ធធារាសាស្រ្តនៅពេលកំពុងប្រតិបត្តិការ។
អង្គប្រជុំបានបញ្ជាក់ថា សកម្មភាពនេះ មិនមានការជ្រើសរើសជំនាញការថ្នាក់ជាតិទេ ដោយខ្វះខាតថវិកា គឺគ្រាន់តែចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមកតែប៉ុណ្ណោះ៕