សិក្ខាសាលាស្តីពី អភិបាលកិច្ចទឹក និងកិច្ចសហប្រតិបត្តិការតំបន់ (ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨)
បាងកក៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាស្តីពី អភិបាលកិច្ចទឹក និងកិច្ចសហប្រតិបត្តិការតំបន់ សម្រាប់អាងទន្លេ Ganges-Brahmaputra-Meghna ក្នុងតំបន់អាស៊ីខាងត្បូង ដែលរៀបចំដោយអង្គការ IUCN នៅទីក្រុងបាងកក ប្រទេសថៃ។
អង្គសិក្ខាសាលាមានគោលបំណងដើម្បីចែករំលែក និងស្វែងយល់ចំណេះដឹង បទពិសោធន៍ និងបញ្ហាពាក់ព័ន្ធជុំវិញការគ្រប់គ្រង និងអភិវឌ្ឍអាងទន្លេ ដោយមានមន្រ្តីតំណាងស្ថាប័នរដ្ឋាភិបាល នៃប្រទេសនេប៉ាល់ ឥណ្ឌា និងបង់ក្លាដេស វិទ្យាស្ថានស្រាវជ្រាវប្រទេសចិន អង្គការអាងទន្លេអន្តរជាតិ និងមន្រ្តីការិយាល័យអង្គការ IUCN ប្រចាំទីក្រុងបាងកក។
ឯកឧត្តម វ៉ាត់ បុត្តកុសល ជាវាគ្មិនកិត្តិយស ធ្វើបទឧទ្ទេសនាមលើប្រធានបទស្តីពី តម្រូវការ និងប្រសិទ្ធភាពនៃយន្តការថ្នាក់តំបន់ សម្រាប់អភិបាលកិច្ចទឹកក្នុងអាងទន្លេមេគង្គ ផ្តោតលើភាពដៃគូនៃអ្នកពាក់ព័ន្ធចម្រុះក្នុងដំណើរគាំទ្រឱ្យមានប្រសិទ្ធភាពក្នុងការដឹកនាំ ការគ្រប់គ្រង ការអភិវឌ្ឍ និងការអភិរក្សធនធានទឹក ក្នុងអាងទន្លេមេគង្គ តាមកិច្ចព្រមព្រៀងមេគង្គ១៩៩៥ និងសមិទ្ធិផលធំៗសម្រេចបានរបស់គណៈកម្មការទន្លេមេគង្គក្នុងរយៈពេល២៣ឆ្នាំ កន្លងមក៕