សិក្ខាសាលាបណ្តុះបណ្តាលស្តីពី សន្ទស្សន៍សុខភាពទឹកសាប (ថ្ងៃទី ០៨-០៩ ខែឧសភា ឆ្នាំ២០១៨)
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញ និងថ្លែងស្វាគមន៍បើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី សន្ទស្សន៍សុខភាពទឹកសាបតំបន់ទន្លេឆ្លងដែន សេកុង-សេសាន-ស្រែពក ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលរៀបចំដោយ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រោមការសម្របសម្រួលពីមន្រ្តីអង្គការអភិរក្សអន្តរជាតិ (Conservation International) ដោយមានសិក្ខាកាមចូលរួម ជាមន្រ្តី និស្សិត មកពីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សន្ទស្សន៍សុខភាពទឹកសាប គឺជាមធ្យោបាយគាំទ្រសំខាន់សម្រាប់ក្របខ័ណ្ឌ និងដំណើរការនៃការធ្វើសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំពាក់ព័ន្ធការគ្រប់គ្រងធនធានទឹក និងធនធានធម្មជាតិពាក់ព័ន្ធក្នុងអាងទន្លេ។
ជាលទ្ធផល សិក្ខាសាលាបានផ្តល់ចំណេះដឹងវិទ្យាសាស្ត្រថ្មីមួយ ដល់សិក្ខាកាមអំពីទស្សនទាននៃសន្ទស្សន៍សុខភាពទឹក ការកំណត់សូចនាករសមាសធាតុចំនួន៣ (១) ថាមពលនៃប្រព័ន្ធអេកូស៊ីស្តែម (២) មុខងារនៃប្រព័ន្ធអេកូស៊ីស្តែម និង (៣) អភិបាលកិច្ច និងការចូលរួម ។ សិក្ខាកាមបានប្រើប្រាស់អភិក្រមក្នុងការវាយតម្លៃសូចនាករនីមួយៗ រួមមានដូចជា គុណភាពទឹក ដំណើរប្រែប្រួលបរិមាណប្រភេទត្រី ការតភ្ជាប់ប្រព័ន្ធអាងទន្លេ និងបីយ៉ូម៉ាសនៃប្រព័ន្ធអេកូស៊ីស្តែម ការវាយតម្លៃប្រសិទ្ធភាពសកម្មភាពផ្នែកច្បាប់ គោលនយោបាយ ក្នុងបរិបទអភិបាលកិច្ច និងការចូលរួម។ សិក្ខាកាមបានទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីមួយដែលអាចយកទៅប្រើប្រាស់អនុវត្តន៍ជាក់ស្តែងក្នុងការងារពាក់ព័ន្ធក្នុងគម្រោង កម្មវិធី និងការសិក្សាស្រាវជ្រាវ ប្រចាំថ្ងៃតាមស្ថាប័នរបស់ខ្លួនកាន់តែមានប្រសិទ្ធិភាពខ្ពស់៕