កិច្ចប្រជុំលើកទី៥ នៃវេទិការួមរបស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី ២៩-៣០ ខែឧសភា ឆ្នាំ២០១៨)
បាងកក៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ដែលរួមមានតំណាងថ្នាក់អគ្គនាយករង និងប្រធាន អនុប្រធាននាយកដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៥ នៃវេទិការួមរបស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីប្រទេសជាសមាជិក MRC។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បី ១) ពិភាក្សាលើសេចក្តីព្រាងចុងក្រោយនៃរបាយការណ៍ស្តីពី ការពិនិត្យឡើងវិញរបស់លេខាធិការដ្ឋាន លើការកែសម្រួលគ្រោងប្លង់នៃទំនប់វារីអគ្គិសនី សាយ៉ាបូរី របស់ឡាវ និងផ្តល់ការណែនាំដើម្បីការបញ្ចប់របាយការណ៍នេះ សម្រាប់ដាក់សុំការអនុម័តពីគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គនៅក្នុងឆ្នាំ២០១៨ ២) ពិភាក្សាលើសេចក្តីព្រាងចុងក្រោយនៃឯកសារបកស្រាយពន្យល់សម្រាប់នីតិវិធីស្តីពី ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង និងផ្តល់ការណែនាំសម្រាប់ការបញ្ចប់ឯកសារនេះ ដើម្បីដាក់ដាក់សុំការអនុម័តពីគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គនៅក្នុងឆ្នាំ២០១៨ និង ៣) ពិភាក្សាលើឯកសារពាក់ព័ន្ធការអនុវត្តនីតិវិធី និងកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥៕