បច្ចុប្បន្នភាពនៃដំណើរការពិគ្រោះយោបល់ជាមុន នៃគម្រោង ដនសាហុង (ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤)
(MRC-PNPCA)
វៀងច័ន្ទ៖ នៅក្នុងកិច្ចប្រជុំលើកទី២០ របស់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ នៅទីក្រុងបាងកក ប្រទេសថៃ ប្រទេសជាសមាជិកមេគង្គ បានសម្រេចដាក់គម្រោងទំនប់វារីអគ្គិសនី ដនសាហុង ទៅក្នុងដំណើរការនៃការពិគ្រោះយោបល់ជាមុន ស្របតាមនីតិវិធីស្តីពី ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង។ ជាការងារបន្ត កិច្ចប្រជុំថ្នាក់តំបន់របស់ក្រុមការងារពិគ្រោះយោបល់នេះ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ បានពិនិត្យរួមគ្នាលើផែនការសកម្មភាពជាក់ស្តែង ដែលត្រូវធ្វើនៅក្នុងដំណើរការពិគ្រោះយោបល់ខាងលើ។
គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា គ្រោងនឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ចំនួន ០៤លើក ដូចខាងក្រោម ជាមួយបណ្តាអ្នកពាក់ព័ន្ធមានជាអាទិ៍ ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អាជ្ញាធរដែនដី សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងៗ៖
- កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ក្រោមជាតិ នៅខេត្តស្ទឹងត្រែង គ្រោងធ្វើនៅពាក់កណ្តាលខែតុលា ឆ្នាំ២០១៤
- កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប គ្រោងធ្វើនៅចុងខែតុលា ឆ្នាំ២០១៤
- កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ (កម្រិតបច្ចេកទេស) ជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ គ្រោងធ្វើនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៤
- កិច្ចប្រជុំពិគ្រោះយោបល់ និងបូកសរុបថ្នាក់ជាតិ ជាមួយក្រសួង ស្ថាប័ន ជាសមាជិក គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា គ្រោងធ្វើនៅចុងខែវិច្ឆិកា ឆ្នាំ២០១៤។
គោលបំណងនៃកិច្ចប្រជុំទាំងនេះគឺ ដើម្បីប្រមូលផ្តុំមតិយោបល់ ក្តីបារម្ភនានា សម្រាប់ភាគីកម្ពុជា ក្នុងការចូលរួមការពិគ្រោះយោបល់ជាមុន នៅថ្នាក់តំបន់ ជាមួយប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គដ័ទៃទៀត ដើម្បីពិនិត្យ និងសម្រេចលើគម្រោងខាងលើនេះ៕