Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ពិភាក្សាលើសេចក្តីព្រាង របាយការណ៍ស្តីពី បទពិសោធន៍ និងកាលានុវត្ថិភាព (ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំក្រុមការងារអន្តរក្រសួងរបស់កម្ពុជា ចូលរួម​កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ ពិភាក្សា​លើ​សេចក្តីព្រាង “របាយការណ៍ស្តីពី បទពិសោធន៍ និងកាលានុវត្ថិភាព សម្រាប់យន្តការប្រតិបត្តិការប្រកបដោយការសម្របសម្រួល និងការរៀបចំកិច្ចសហប្រតិបត្តិការស្តីពី ប្រតិបត្តិការនៃទំនប់”។ សមាជិកអង្គប្រជុំរួមមានក្រុមការងារអន្តរក្រសួង នៃបណ្តាប្រទេសជាសមាជិក MRC ទាំងបួន បុគ្គលិកនាយកដ្ឋានផែនការនៃលេខាធិការដ្ឋាន MRC និងទីប្រឹក្សាបច្ចេកទេសអន្តរជាតិ។ កិច្ចប្រជុំ ត្រូវបានបើក និងដឹកនាំពិភាក្សាដោយ លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន MRC។ សមាសភាពក្រុមការងារអន្តរក្រសួងពីកម្ពុជាដឹកនាំដោយ គល់ វឌ្ឍនា អគ្គលេខាធិការរង នៃ គ.ជ.ទ.ម.ក. និងមានការចូលរួមពីសំណាក់តំណាងនៃក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គិសនីកម្ពុជា និងក្រុមការងារ PNPCA នៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក.។

គោលបំណងនៃកិច្ចប្រជុំ៖

1. ពិភាក្សាលើសេចក្តីព្រាង “របាយការណ៍ស្តីពីបទពិសោធន៍ និងកាលានុវត្ថិភាព សម្រាប់យន្តការប្រតិបត្តិការប្រកបដោយការសម្របសម្រួល និងការរៀបចំកិច្ចសហប្រតិបត្តិការ ស្តីពីប្រតិបត្តិការនៃទំនប់” ដែលផ្តោតជាចំបងទៅលើ៖ (១) សេចក្តីព្រាងតារាងនៃកាលានុវត្ថិភាពសម្រាប់កិច្ចសហប្រតិបត្តិការ (២) ការកំណត់វិសាលភាពនៃកាលានុវត្ថិភាពសម្រាប់កិច្ចសហប្រតិបត្តិការ និង (៣) សំណើគម្រោងសាកល្បងស្តីពីពិធីសារអំពីប្រតិបត្តិការ និងការធ្វើទំនាក់ទំនង ជំហានដំបូង

2. ទទួលបាននូវមតិយោបល់ និងអនុសាសន៍ពីប្រទេសជាសមាជិក អំពីគំនិតផ្តួចផ្តើមស្តីពីការចែករំលែកព័ត៌មានប្រតិបត្តិការនៅកម្រិតជាតិ

3. បង្ហាញជូន និងពិភាក្សាអំពីជំហានបន្តដែលបានស្នើដោយលេខាធិការដ្ឋាន MRC សម្រាប់សកម្មភាពបន្ត

លទ្ធផលរំពឹងទុកនៃកិច្ចប្រជុំគឺ៖

- យល់ច្បាស់អំពីតារាងនៃកាលានុវត្ថិភាពសម្រាប់កិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធទឹក ប្រកបដោយការសម្របសម្រួល

- ទស្សនៈច្បាស់លាស់អំពីសកម្មភាពសំខាន់ៗនៃគម្រោងសាកល្បង និង

- ឯកភាពគ្នាលើកិច្ចការដែលត្រូវអនុវត្តបន្ត។

អង្គប្រជុំ បានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ០៦គឺ៖

1.  ទិដ្ឋភាពទូទៅនៃសេចក្តីព្រាងរបាយការណ៍ ដោយផ្តោតជាសំខាន់ទៅលើវិសាលភាព និងក្របខ័ណ្ឌសម្រាប់ការពិចារណាអំពីកាលានុវត្ថិភាពសម្រាប់ប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធទឹក

2.  កិច្ចខិតខំប្រឹងប្រែងរបស់ MRC ដែលបាន និងកំពុងអនុវត្តលើការងារប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធទឹកប្រកបដោយការសម្របសម្រួល

3.  តារាងនៃកាលានុវត្ថិភាពសម្រាប់ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធទឹក និងពិភាក្សាពីការកំណត់អាទិភាព

4.  ការរៀបចំអភិបាលកិច្ច និងការធ្វើទំនាក់ទំនងសម្រាប់កិច្ចសហប្រតិបត្តិការលើប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធទឹក

5.  ការកំណត់វិសាលភាព និងកាលានុវត្ថិភាព និង

6.  យន្តការចែករំលែកព័ត៌មានថ្នាក់ជាតិសម្រាប់ប្រតិបត្តិការវារីអគ្គិសនី៕