ទស្សនកិច្ចដើម្បីបញ្ចប់ការងារ កំណត់ទីតាំងស្ថានីយ និងដោះស្រាយតម្រូវការរបស់់អ្នកពាក់ព័ន្ធ
ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានក្រុមការងារ ម៉ូដែល គ្រប់គ្រងធនធានទឹក សមាសភាគទី២ នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ បានដឹកនាំក្រុមការងារគម្រោង ក្រុមការងារ DHI កម្ពុជា និងតំណាងក្រុមហ៊ុនសំណង់ ចុះទស្សនកិច្ចនៅខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគីរី ដើម្បីបញ្ចប់ការងារ កំណត់ទីតាំងស្ថានីយ និងដោះស្រាយតម្រូវការរបស់់អ្នកពាក់ព័ន្ធ។
ជាលទ្ធផល ក្រុមការងារបាន (១) ជួបពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរធនធានទឹក និងឧតុនិយមខេត្តគោលដៅ និងអ្នកពាក់ព័ន្ធ ដោយបានចូលរួមសហការក្នុងដំណើរទស្សនកិច្ច ទៅកាន់តំបន់សក្តានុពល ក្នុងការកំណត់ទីតាំងទាំង ២៨កន្លែង សម្រាប់ការសាងសង់ស្ថានីយជលសាស្ត្រ និងស្ថានីយឧតុនិយម នាពេលខាងមុខ និង (២) បានឯកភាពគ្នាជាគោលការណ៍លើចំណុចទីតាំងពីគ្រប់ភាគីទាំងអស់ដែលបានចុះទស្សនកិច្ច និងត្រៀមបន្តសហការពីអាជ្ញាធរមូលដ្ឋាន មន្ទីរធនធានទឹក និងឧតុនិយម និងភាគីពាក់ព័ន្ធ ក្នុងខេត្តទាំង ៤នោះ និង (៣) បានដោះស្រាយចម្ងល់ទាក់ទងនឹងគុណប្រយោជន៍នៃការសាងសង់ស្ថានីយ និងកត់ត្រាសំណូមពរពីអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ។
ក្រុមការងារ អាចនឹងពិភាក្សាគ្នាបន្ថែម ដើម្បីពិនិត្យកែសម្រួលលើសេចក្តីព្រាងផែនការការងារសាងសង់ដែលបានដាក់ស្នើ ឱ្យស្របតាមស្ថានភាពជាក់ស្តែង និងលក្ខណៈបច្ចេកទេសនៃសំណង់៕